ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
Roth - ១៦ វិច្ឆិកា ២០២៣
image

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគបាលជាតិ ដោយមានការចូលរួមពីតំណាងនាយដ្ឋានកណ្ដាលសន្តិសុខ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើបច្ចេកវិទ្យា អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋានជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំនេះ ការិយាល័យជំនាញទាំង៧ចំណុះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើសេចក្ដីរាយការណ៍ស្ដីពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា។

បន្ទាប់ពីស្ដាប់នូវវឌ្ឍនភាពការងាររបស់ការិយាល័យទាំង៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង បានមានប្រសាសន៍ថា អនុវត្តតាមការណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កិច្ចប្រជុំថ្ងៃនេះគឺពាំនាំនូវប្រសាសន៍ណែនាំ ដាស់តឿនពីឯកឧត្តមនាយឧត្តមសេនីយ៍ឱ្យមានការប្រជុំតាមដានវឌ្ឍនភាពការងារឲ្យបានទៀតទាត់ជារៀងរាល់ខែ ដើម្បីចែករំលែកបទពិសោធ រួមគ្នាសិក្សាដោះស្រាយនូវបញ្ហាប្រឈម កែសម្រួលចំណុចខ្វះខាតផ្សេងៗ។ ឯកឧត្តម អគ្កស្នងការរង បានបន្តថា ក្នុងនាមជានគរបាលជាតិ នៃនាយកដ្ឋានប្រឆាំងបទល្មើបច្ចេកវិទ្យា ត្រូវយកចិត្តទុកដាក់បំពេញការងារបម្រើប្រជាពលរដ្ឋ អនុវត្តការបង្រ្កាប ដោះស្រាយបទល្មើសបច្ចេកវិទ្យាឲ្យមានលទ្ធផលល្អ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ឯកឧត្តម អគ្គស្នងការរង ក៏បានលើកឡើងថា ធនធានមនុស្សគឺពិតជាសំខាន់សម្រាប់អង្គភាព ដូចនេះ ត្រូវរួមគ្នាយកចិត្តទុកដាក់រឿងបណ្ដុះបណ្ដាលមន្ត្រី ជាពិសេសគួរលើកទឹកចិត្តដល់មន្ត្រីឱ្យយកចំណេះដឹងដែលទទួលបានពីការសិក្សាមកអនុវត្តផ្ទាល់ក្នុងការងារប្រចាំថ្ងៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានណែនាំលើកិច្ចការងារមួយចំនួនដូចជា ការពង្រឹងការចរាចរឯកសារ ពង្រឹងការផ្សព្វផ្សាយលទ្ធផលការងារឱ្យបានទូលំទូលាយ និងព្យាយាមពង្រឹងការវិភាគកិច្ចការងារនានាឱ្យបានគ្រប់ជ្រុងជ្រោយជាដើម។ ឯកឧត្តម ក៏បានកោតសរសើរដល់សាមគ្គីភាពផ្ទៃក្នុងនៃថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋាន ដែលមានការឲ្យតម្លៃគ្នា សហការគ្នាជជែកពិភាក្សា និងពង្រឹងទំនុកចិត្តរវាងគ្នា និងគ្នា ហើយរួមគ្នាបំពេញការងារបានជាលទ្ធផល និងសេចក្ដីថ្លៃថ្នូរជូនអង្គភាព ក្រុមការងារទាំងមូល និងខ្លួនឯងផ្ទាល់ផងដែរ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការកែប្រែ ពង្រឹងខ្លួនឯងទាំងរបៀបរបបការងារ វិន័យជាកងកម្លាំង និងសមត្ថភាពការងារពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្មារតីទទួលខុសត្រូវ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣