ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣-
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការ អំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន រួបរួម សាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ។
ក្នុងមីទ្ទីញខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដែល ប្រារព្ធធ្វើឡើងនៅព្រះពន្លាទីនាំងចន្ទឆាយា ខាងមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ សុក្រ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជឱង្ការរម្លឹកថា បុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្តទៅយ៉ាងមហោឡារិកនេះ ជាទិវារម្លឹកពីគុណបំណាច់នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ឈ្លាសវៃរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ "ព្រះករុណាព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលយើងទាំងអស់គា្ននៅ ចងចាំបានថាជាចលនាមហាសាមគ្គីជាតិ ដែលបាន ចាប់ផ្តើមនៅក្នុងឆ្នាំ១៩៥២ ជាព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជា។ ប្រជារាស្ត្រកម្ពុជាគ្រប់ភូមិឋានបានចូលរួមក្នុងចលនា ជីវពលនារីក្លាហាន ហើយមករួមរស់ជាមួយនឹង ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ“ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងតំបន់រំដោះខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង នៅទីនោះ ព្រះករុណា ព្រះបរម រតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះបន្ទូលថាព្រះអង្គមិនយាងមកកាន់ រាជធានីភ្នំពេញវិញឡើយ ដរាបណាព្រះអង្គមិនបានទទួលឯករាជ្យពេញបរិបូណ៌ មកជូនជាតិ មាតុភូមិវិញ ។
នៅពេលនោះដោយឃើញថាខ្លួនអាចពើបប្រទះនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុង ប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងជើងផងនោះ បារាំងក៏បានយល់ព្រមធ្វើការជា មួយនឹងខ្មែរ ដើម្បីផ្ទេរថ្វាយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយើង នូវអំណាចនិង សមត្ថកិច្ចលើវិស័យណា ដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជាឯករាជ្យនៅឡើយ។ ឥស្សរជន និងជំនាញការសំខាន់ៗបារាំង និងខ្មែរ បានខិតខំធ្វើការដ៏ត្រឹមត្រូវនៅរាជធានី ភ្នំពេញរហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបានលទ្ធផលដែលជាទីពេញចិត្តនៃភាគីខ្មែរ ដែលនៅថ្ងៃនោះ លោកអគ្គមេបញ្ជាការ សេនាធិការ ព្រមទាំងកងទ័ពបារាំងជើងគោក ជើងអាកាស ជើងទឹក និងសហភាពបារាំង បានថ្វាយបង្គំលា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ "ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុតហើយចាកចេញជាដាច់ខាត ដោយមិនវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជា វិញ ឡើយ ។ ដូច្នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាយើង មានឋានៈស្មើ នឹងសាធារណរដ្ឋបារាំង គឺមានឋានៈជារដ្ឋឯករាជ្យពេញបរិបូណ៌។ព្រះអង្គបន្តថា ក្នុងឱកាសនេះ ក៏កំពុងប្រារព្ធ ទិវាកំណើតកងយោធពលខេមរភូមិន្ទដ៏ជាញជ័យ ដែលប្រវត្តិសាស្ត្រជាតិបានចារឹកទុកក្នុង ស្មារតីគោរព និងចងចាំជានិច្ច។ បច្ចុប្បន្ននេះវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងមិនគ្រាន់ តែដើរតួនាទីជាកម្លាំងការពារជាតិមាតុភូមិ និងរក្សាសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាទេ ប៉ុន្តែកំពុងបំពេញបេសកកម្មសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅលើសកលលោកថែមទៀត។
ព្រះករុណាព្រះមហាក្សត្រមានព្រះរាជឱង្ការគូសបញ្ជាក់ថា អង្គមីទ្ទិញនាពេលនេះ គឺជាមហាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យឆ្លើយតបបានយ៉ាងសក្តិ សមទៅនឹងបេសកកម្ម និងពលិកម្មប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ "ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត្រ កម្ពុជាយើង ដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្របតាមយន្តការនៃការគ្រប់គ្រង ប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ។
ព្រះអង្គគូសបញ្ជាក់ទៀតថា សុន្ទរកថាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានអត្ថន័យ និងខ្លឹមសារជ្រាលជ្រៅណាស់ ដែល ព្រះអង្គ សូមអបអរសាទរ កោតសរសើរ និងគាំទ្រ ហើយសូមចាត់ទុកថានេះគឺជាសារនយោបាយមួយមានលក្ខណៈគ្រប់ ជ្រុងជ្រោយ ក្នុងការវាយតម្លៃពីសភាពការណ៍សង្គមជាតិយើង សភាពការណ៍អន្តរជាតិ ជាពិសេស លើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍ កែប្រែមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅឈានទៅកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់ ។ រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មាន កិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជា វិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង។
ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការសង្កត់ធ្ងន់ថា តាមរយៈមីទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិនិងប្រជាជនកម្ពុជាយើងពិតជានឹង ទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទីក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន របស់យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ។
គួរបញ្ជាក់ដែរថា យាង និងអញ្ជើញចូលរួមក្នុងមីទ្ទីញខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅព្រះពន្លាទីនាំងចន្ទឆាយា ខាងមុខព្រះបរមរាជវាំង មានការចូលរួមពីសំណាក់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេអគ្គមហាពញាចក្រី ហេងសំរិន ប្រធានកិត្តិយសនៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ កាយរឹទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សម្ពន្ធយុវជនស្រឡាញ់សន្តិភាព និងសិស្សានុសិស្សប្រមាណជាង ១ម៉ឺននាក់៕
ដោយ ៖ ក្រសួងព័ត៌មាន