អ្នកនាំពាក្យឯកឧត្តម ស សុខា ផ្ញើសារប្រកបដោយក្ដីសង្ឃឹមជូនឪពុកម្ដាយសពកុមារី២រូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
ជីវ័ន្ត - ១៩ កញ្ញា ២០២៤
image

លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំឆ្នាំ២០២៤នេះ បានបង្ហាះផ្សាយនូវសារប្រកបដោយផ្ដល់ក្ដីសង្ឃឹមជូនទៅកាន់ឪពុកម្ដាយសពកុមារី២រូប ដែលកំពុងស្វះស្វែងអំពាវនាវឱ្យកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវស្វែងរកជនបង្កមកទទួលខុសត្រូវ។

នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក រ៉េន រតនៈ បានសរសេរក្នុងន័យដើមថា«ក្នុងនាមអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខ្ញុំសូមជម្រាបជូនម្ចាស់គណនីឈ្មោះ Evelyn Khun ជ្រាបថា ពេលនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ បាននឹងកំពុងស្រាវជ្រាវលើករណីនេះប្រកបដោយស្មារតីយកចិត្តទុកដាក់បំផុត ដោយក្នុងនោះ កម្លាំងជំនាញបានរកឃើញរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នេះហើយ»

បើតាមលោក រ៉េន រតនៈ ជានីតិវិធីបន្ត សមត្ថកិច្ចនឹងឈានទៅកោះហៅម្ចាស់រថយន្តមកចូលខ្លួនដោះស្រាយទៅតាមនីតិវិធី។ ក្នុងសារដដែលនោះ អ្នកនាំពាក្យរូបនេះ ក៏បានជម្រាបជូននូវសេចក្ដីផ្ដាំផ្ញើពីឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ចូលរួមសោកស្ដាយចំពោះហេតុការណ៍ដ៏គួរឱ្យសង្វេគ និងចូលរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោក លោកស្រី ដែលជាមាតា និងបិតា រួមទាំងក្រុមគ្រួសារសពកុមារីទាំងពីរ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមរម្លឹកថាកុមារីទាំង២រូប បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយជនបង្កបានបើករថយន្តគេចខ្លួនភ្លាមៗ ក្រោយបង្កហេតុ។ ជនរងគ្រោះទាំង២រូប មានឈ្មោះ មិត្ត លីធីង អាយុ១២ឆ្នាំ និងឈ្មោះ មិត្ត ជូលី អាយុ៩ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នា។ អ្នកទាំងពីរបានជួបហេតុការណ៍ដ៏សង្វេកនេះ ពេលធ្វើដំណើរឌុបគ្នាចេញពីទិញរបស់ញាំ៕


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣