ជំនន់ទឹកភ្លៀងដែលដែលបណ្តាលឲ្យលិចលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅចន្លោះគីឡូម៉ែត្រ K168 - K169 បានស្រកវិញហើយ
ជីវ័ន្ត - ១៨ កញ្ញា ២០២៤
image

ព្រះសីហនុ៖ សូមជម្រាបថា នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងដែលចាល់ពីផ្នែកម្ខាងហូរឆ្លងកាត់មកលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លីនៅចន្លោះគីឡូម៉ែត្រ K168 - K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានស្រកហើយ។ នៅពេលនេះ ក្រុមការងារក្រមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានកៀរភក់ និងលាងសម្អាតផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីឡើងវិញ។ 

កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន នៅតែអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីសម្រួល និងបញ្ជាចរាចរណ៍។

សូមអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLEDដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព៏័ត៌មានផ្សេងៗ។

 សូមបញ្ជាក់ដែរថា៖ នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅចន្លោះគីឡូម៉ែត្រ K168 - K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំង៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣