ខេត្តសៀមរាប ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិមួយ ដោយករណីរន្ទះបាញ់ប្រល័យជីវិតមនុស្សនៅកណ្តាលវាលស្រែបានកើតឡើង កាលពីរសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចខា ងលិចចម្ងាយពីភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ប្រមាណ៣៥០ ម៉ែត្រ បណ្តាលឲ្យកសិករម្នាក់ស្លាប់ ក្នុងចំណោម ៤ នាក់ ដែលទៅស៊ីឈ្នួលប្រមូលចំបើង ខណៈមេឃកំពង់ភ្លៀងរលឹមស្រិចៗ ។ ជនរងគ្រោះមានឈ្មោះ ណុល តុល ភេទស្រី អាយុ៣៤ ឆ្នាំ ជាកសិករ រស់នៅភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ទាក់ទិនករណីគ្រោះថ្នាក់ធម្មជាតិខាងលើនេះ ត្រូវបានសាក្សី៣ នាក់ ដែលស្ថិតនៅក្នុងហេតុការផ្ទាល់បំភ្លឺឲ្យដឹងថា ពួកគាត់មាន គ្នា៤ នាក់ ១.ឈ្មោះ គីន សុគុណ ភេទប្រុស អាយុ១៨ ឆ្នាំ ២.ឈ្មោះ ថន សត់ ភេទប្រុស អាយុ៤៥ ឆ្នាំ ៣.ឈ្មោះ ណុក រ៉ញ ភេទស្រី អាយុ៥៧ ឆ្នាំ នឹង៤.ឈ្មោះ ណុល តុល (ជនរងគ្រោះ) កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឈ្មោះ ព្រួន ទី បានជួលពួកគាត់ឱ្យទៅប្រមូលចំបើងពីក្នុងទឹក នៅវាលស្រែដែលម៉ាស៊ីនច្រូតស្រូវរួច ដោយឱ្យតម្លៃមួយថ្ងៃ ២០០០០រៀល ក្នុង១ នាក់ ។
សាក្សីបន្តថា ពេលនោះពួកគាត់ទាំង៤ នាក់ ក៏សម្រេចចិត្តទៅធ្វើ ពលកម្មស៊ីឈ្នួលប្រមូលចំបើង ដើម្បីបានប្រាក់ដោះស្រាយជីវភា ពប្រចាំថ្ងៃ ដូច្នោះពួកគាត់បានរៀបចំយកតង់ប្លាស្ទិចពណ៌សទៅដាក់ចំបើង ដើម្បីងាយស្រួលអូសយកចេញពីក្នុងទឹក ទៅហាលលើគោក ។លុះដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ប្រហែល៤រសៀល មេឃកំពុងភ្លៀងរលឹមស្រិចៗ ពួកគាត់ទាំង៤ នាក់ បាននិយាយគ្នាថា យើងអូសមួយតង់ទៀតនាំគ្នាសម្រាកសិន ព្រោះមេឃភ្លៀងហើយចាំថ្ងៃស្អែក នឹងបន្តធ្វើការងារទៀត ។ខណៈពេលពួកគាត់កំពុងអូសតង់បណ្តើរ និយាយគ្នាលេងបណ្តើរក៏ស្រាប់តែឮសំឡេងថាំង លាន់ស្ទើបែកក្រដាស់ត្រជៀក ភ្លាមនោះពួកគាត់ក្រឡេកទៅឃើញឈ្មោះ ណុក តុល ជាជនរងគ្រោះ ដួលផ្កាប់មុខក្នុងទឹក ពួកគាត់នឹកស្មានតែជនរងគ្រោះភ្ញាក់ក្រាបភ័យខ្លាចផ្គររន្ទះ លុះប្រហែលមួយនាទីក្រោយមកពួកគាត់ក៏នាំគ្នាទៅទាញជនរងគ្រោះឱ្យងើបពីក្នុងទឹក ពេលនោះទើបដឹងថា ជន រងគ្រោះបានបាត់បង់ជីវិតដោយសាររន្ទះប្រល័យ ។ដោយគ្រោះធម្មជាតិបានកើតឡើងដូច្នេះ ពួកគាត់បានយកដំណឹងនេះទៅប្រាប់ស្រុកភូមិ និងបានរាយការជូនសមត្តកិច្ចមូលដ្ឋាន ដើម្បីបានជ្រាបជាព័ត៌មាន ។ បន្ទាប់មកសមត្តកិច្ចក៏បានបង្កើតគណកម្មការចុះទៅពិនិត្យកន្លែងកើតហេតុ និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យបូជាតាមប្រពៃណី ៕