បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថបង្ក្រាបគ្រឿងញៀនជាង73គីឡូក្រាម ឃាត់ខ្លួនជនជាតិថៃ5នាក់ និងកាំភ្លើង1ដើម នៅក្រុងប៉ោយប៉ែត បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2024 ដើម្បីអនុវត្តតាមនីតិវធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មាន និងមានការអនុវញ្ញាតិពីលោកឧត្តមសេនីយ៍មេបញ្ជការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន០៥នាក់ នៅចំណុចផ្ទះលេខចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក បានបញ្ជាក់ថា៖ ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ដ៏ធំរបស់ជនជាតិថៃនេះ ដកហូតវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ មានប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE)ចំនួន 71កញ្ចាប់ ទម្ងន់ 73គីឡូក្រាម និង675ក្រាម, និងមានវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទដូចជា ហេរ៉ូអ៊ីន ,ប្រភេទម៉្សៅម៉ត់ពណ៌ស(កេតាម៉ីន), ថ្នាំគ្រាប់រាងផ្លែឈើ ពណ៌ត្នោត(ឣ៊ិចស្តាស៊ី), គ្រាប់ថ្នាំបន្ទះពណ៌ក្រហម(Erimin5), ប្រភេទថ្នាំគ្រាប់រាងត្រីកោណ ពណ៌ផ្កាឈូក(ឣ៊ិចស្តាស៊ី), កញ្ឆាក្រៀម, និងប្រភេទថ្នាំគ្រាប់មូល មានកាំភ្លើងខ្លី ចំនួន01ដើម (ម៉ាកSIG SAUER លេខ58C385402 ពណ៌ខ្មៅ) ក្នុងនោះមានបង់ចំនួន02គ្រាប់ចំនួន 19គ្រាប់ សរុបទំងន់គ្រឿងញៀន 73គីឡូក្រាម និង806.10ក្រាម)។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង05នាក់ ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀន និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាតពិតប្រាកដមែន។ ដោយផ្ឣែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បានបញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕