បន្ទាយមានជ័យ៖ សាច់មាន់ខូចគុណភាពជាង៣តោនត្រូវបានសមត្តកិច្ចចម្រុះយកទៅដុតចោលជាយក្រុងសិរីសោភ័ណនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងចម្រុះមានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបដកហូតទំនិញខូចគុណភាពមានទម្ងន់៣,១០០គីឡូក្រាម មានសាច់មាន់ ភ្លៅមាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ គ្រឿងក្នុងមាន់។
លោកបានបញ្ជាក់ថា៖ ផលិតផលសាច់មាន់ទម្ងន់ជាង៣តោននេះ ត្រូវឈ្មួញលួចនាំចូលពីប្រទេសថៃមកស្តុបទុកដែលម្ចាស់ឈ្មោះ ជា ដានី ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបាននាំយកទាំងម្ចាស់ និងទំនិញមកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដើម្បីសាកសួររៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យតាមនីតិវិធីច្បាប់។ រីឯសាច់មាន់ជាង៣តោនត្រូវបានដុតកម្ទេចចោលនៅក្រុងសិរីសោភ័ណ។
ប្រជាពលរដ្ឋមានការកោតសរសើរនៅពេលឃើញមន្ត្រីជំនាញបាននាំយកទំនិញខូចគុណភាពមកដុតចោលយ៉ាងសន្ធឹកសន្ធាប់ រហូតជាង៣តោនគឺមិនតិចទេដែលឈ្មួញលួចនាំចូលមកលក់ចែកចាយតាមបណ្តាស្រុក/ក្រុង ក្នុងខេត្តសង្ឃឹមថាការអនុវត្តន៍ត្រូវធ្វើជាប្រចាំដូចភ្លៀងរលឹមមិនធ្វើតែពេលអត់ប្រយោជន៍ពេលបានប្រយោជន៍ស្ងាត់ឈឹង និងធ្វើយកតែស្នាដៃត្រូវធ្វើយកគុណភាពទើបមន្ត្រីបម្រើរាស្គ្រ៕
(សៅ នៅ)