ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ គណៈមេធាវីកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc)។ តាមគណៈមេធាវីកម្ពុជា ពលរដ្ឋអាចស្នើសុំពិគ្រោះយោបល់ និងការពារតាមផ្លូវច្បាប់បាន ប្រសិនបើពួកគេបាត់បង់ផលប្រយោជន៍ពាក់ព័ន្ធនឹងគម្រោងប្រមូលប្រាក់របស់ក្រុមហ៊ុន CIC Plc។
គណៈមេធាវីកម្ពុជាបានបញ្ជាក់ថាចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋ ដែលបាត់បង់ផលប្រយោជន៍ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី(CIC Plc) និងមានបំណងពិគ្រោះយោបល់ផ្នែកច្បាប់ ឬពឹងពាក់មេធាវីជួយការពារក្តីអាចធ្វើដំណើរទៅកាន់ទីស្នាក់ការគណៈមេធាវីកម្ពុជា ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសេចក្តីប្រកាសរបស់ខ្លួន គណៈមេធាវីកម្ពុជាបានកត់សម្គាល់ថា កន្លងមកមានក្រុមហ៊ុន និងបុគ្គលមួយចំនួនតូច តែងបង្កើតគម្រោងវិនិយោគដោយប្រមូលប្រាក់ពីប្រជាពលរដ្ឋក្នុងរូបភាពប្រមូលមូលធនយកទៅវិនិយោគ ហើយចុងបញ្ចប់ទៅ គឺប្រជាពលរដ្ឋដែលដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។
សូមរម្លឹកថា រឿងប្រមូលមូលធនរបស់ក្រុមមេគំនិតមួយចំនួនពីប្រជាពលរដ្ឋទៅវិនិយោគ និងក្រោយមកមិនទទួលបានប្រាក់ចំណេញ បានផ្ទុះឡើងយ៉ាងកក្រើកតាមបណ្តាញសង្គមនៅកម្ពុជានារយៈពេលចុងក្រោយនេះ។
កាលពីសប្តាហ៍មុន អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ក៏បានបង្ហើបតាមរយៈសំណេរនៅលើហ្វេសប៊ុករបស់លោកថា លោកក៏ជាជនរងគ្រោះម្នាក់ដែរជាមួយនឹងក្រុមហ៊ុន CIC Plc។ នៅក្នុងសំណេរជាភាសាខ្មែរ និងអង់គ្លេស អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌគួរតែត្រូវចាប់ផ្ដើមស៊ើបអង្កេត និងដោយបើកចំហរ ហើយជនល្មើសត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់៕
ប្រភព៖ RFI