យ៉ាងហោចណាស់មានជនសង្ស័យ ៣៤២នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៤៧ ករណី ក្នុងរយៈពេល១សប្ដាហ៍ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលអគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាល បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់។
តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ ជនសង្ស័យទាំង ៣៤២ នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនសរុប១៤៧ករណីទូទាំងប្រទេសនេះ ក្នុងកម្រិតបទល្មើសធនល្មម ហើយសមត្ថកិច្ចនៅតែបន្តច្បាមតាមជំនាញ ដើម្បីបំបែកសំបុក បណ្ដាញ និងមេក្លោងមិនរាថយ។
លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះដែរ គឺជាការអនុវត្តទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីនេះ។ ទិសដៅអាទិភាពទាំង៦នោះ រួមមាន បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា ៕
ដោយ ៖ ក្រសួងមហាផ្ទៃ