ភ្នំពេញ៖ មូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ)កម្ពុជានៅតែបន្តយកចិត្តទុកដាក់ដល់បងប្អូន ដែលជាសមាជិកមូលនិធិត្រីចក្រយានកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ដោយនៅបាននាំយកនូវថវិកានិងគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ជូនពួកគាត់ជាបន្តបន្ទាប់ ដើម្បីជួយសម្រួលការលំបាក់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៧ តុលា ២០២៣នេះ លេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ដោយមានការចាត់តាំងពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបាននាំយកនូវថវិកានិងគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជូនបងប្អូនដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន២៩៩នាក់បន្តទៀតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីពួកគាត់ប្រើប្រាស់ទៅវត្តធ្វើបុណ្យទាន និងជួបជុំគ្រួសារ ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា បានមានប្រសាសន៍លើកឡើងថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកអោយលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញជានិច្ច ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ តុលានេះ បងប្អូនដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញ បានទទួលថវិកា ៥ម៉ឺន មី ១កេស ទឹកសុទ្ធ១កេស ត្រីខ១យូរ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ថែមពីលើការឧបត្ថមប្រចាំខែរបស់ពួកគាត់ទៀត ដើម្បីអោយពួកគាត់បានប្រើប្រាស់បានទៅវត្តធ្វើបុណ្យទាន និងជួបជុំគ្រួសារ ។