វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យបើកការវាយប្រហារលើ មូលដ្ឋានចំនួន ២កន្លែង នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងមកលើកងទ័ពអាមេរិក ក្នុងរយៈពេលប្រមាណជា ១សប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។
ក្នុងរយៈពេលខ្ទង់មួយសប្តាហ៍កន្លងមកនេះ កងកម្លាំងយោធាអាមេរិក បានស្ថិតក្រោមការវាយប្រហារសរុបជាង១០លើក នៅអ៊ីរ៉ាក់ និងស៊ីរី ហើយទីក្រុងវ៉ាស៊ីនតោនសង្ស័យថា វាគឺជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រុម Hamas, Islamic Jihad ដែលមានមូលដ្ឋាននៅតំបន់ Gaza Strip, Hezbollah នៅឯប្រទេសលីបង់ និងក្រុមសកម្មប្រយុទ្ធដទៃទៀតនៅស៊ីរី គឺសុទ្ធតែគាំទ្រដោយអ៊ីរ៉ង់។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បាននិយាយនៅអង្គការសហប្រជាជាតិថា ប្រសិនបើសង្រ្គាមអ៊ីស្រាអែលប្រឆាំងក្រុម Hamas មិនបញ្ឈប់ទេនោះ សហរដ្ឋអាមេរិកក៏នឹងមិនរួចខ្លួនពីភ្លើងជម្លោះដែរ។
មន្ទីរបញ្ចកោណបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ យោធាអាមេរិក បានបើកការវាយប្រហារទៅលើមូលដ្ឋាន ២កន្លែង នៅភាគខាងកើតប្រទេសស៊ីរី ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏ដូចជាក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់។
លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បានលើកឡើងថា «ការវាយប្រហារការពារខ្លួនទាំងនេះ គឺជាការឆ្លើយតបចំពោះការវាយប្រហារជាបន្តបន្ទាប់ ដែលភាគច្រើនប្រឆាំងមកលើកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ពីសំណាក់ក្រុមសកម្មប្រយុទ្ធផ្សេងៗ គាំទ្រដោយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែតុលា មក។ ការវាយប្រហារដែលគាំទ្រដោយអ៊ីរ៉ង់ទាំងនេះ ប្រឆាំងនឹងកងទ័ពអាមេរិក គឺជារឿងមិនអាចទទួលយកបានដាច់ខាត ហើយត្រូវបញ្ឈប់ជាបន្ទាន់»។
បើតាមការអះអាងរបស់សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានផ្ញើសារយ៉ាងកម្រមួយទៅកាន់ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយផ្ទាល់ផងដែរ ដើម្បីព្រមានអ៊ីរ៉ង់ប្រឆាំងនឹងការវាយប្រហារមកលើ កងទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុម Hamas លើអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តអាមេរិក កាលពីថ្ងៃទី៧ ខែតុលាមក យោធាអ៊ីស្រាអែល បានបន្តធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាបំផុត ទៅលើតំបន់ Gaza Strip។ ខាងអ៉ីស្រាអែល បានអះអាងថា អំលុងការវាយប្រហាររបស់ Hamas មនុស្សប្រមាណ ១,៤០០នាក់បានស្លាប់ ភាគច្រើនជាជនស៉ីវិល ហើយជាង២០០នាក់ទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ រីឯខាងតំបន់ Gaza បានអះអាងថា ជនជាតិប៉ាឡេស្ទីនជាង ៧,០០០នាក់ហើយ ត្រូវបានសម្លាប់ ដោយសារការវាយប្រហារសងសឹកតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ភាគច្រើនជាជនស៉ីវិលដូចគ្នា។ ក្នុងពេល៣សប្តាហ៍ចុងក្រោយនេះ អាមេរិកបានបញ្ជូននាវានិងយន្តហោះចម្បាំង ព្រមទាំងកងទ័ពបន្ថែមទៅកាន់មជ្ឈិបូព៌ា ដែលជាក្តីព្រួយបារម្ភចំពោះការរីករាលដាលភ្លើងជម្លោះកាន់តែធំ៕
ប្រភព៖ Reuters