ទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី ថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០២៥–កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិត នៅក្នុងកិច្ចប្រជុំកំពូលមាតិកាឌីជីថលអាស៊ានឆ្នាំ២០២៥ ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតភាពយន្ត ភាពយន្តជីវចល ហ្គេម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលក្នុងតំបន់មកផលិត និងសហការផលិតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចច្នៃប្រឌិតក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំនេះ កម្ពុជាបានលើកឡើងនូវបំណងក្នុងការកសាងឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដែលធ្លាប់រីកចម្រើននៅសម័យអង្គរ តាមរយៈចម្លាក់ និងផលិតផលវប្បធម៌ប្រណិតនានា ដោយផលិតរឿងផ្អែកលើប្រវត្តិដ៏អស្ចារ្យ ទៅក្នុងទម្រង់ឌីជីថលទំនើបសម្រាប់ទស្សនិកជនទូទាំងពិភពលោក។
ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈប្រតិភូកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលនេះ បានលើកឡើងថា៖ "សក្តានុពលនៃឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជាគឺជំរុញដោយយុវជនជំនាន់ថ្មីដែលមានទេពកោសល្យ ចេះភាសាអង់គ្លេស និងចង់រៀនសូត្រ។ ជាមួយនឹងការបណ្តុះបណ្តាល និងការណែនាំត្រឹមត្រូវ ពួកគេអាចក្លាយជាអ្នករចនាកុំព្យូទ័រក្រាហ្វិក អ្នកផលិតភាពយន្ត ភាពយន្តជីវចល និងហ្គេម ដែលអាចនាំយករឿងរបស់កម្ពុជាទៅកាន់វេទិកាតំបន់ និងពិភពលោក។” សេដ្ឋកិច្ចច្នៃប្រឌិតបានរួមចំណែកកាន់តែខ្លាំងនៅក្នុងតំបន់ រួមជាមួយនឹងគំរូសេដ្ឋកិច្ចដែលកំពុងរីកចម្រើនផ្សេងទៀត។ ក្នុងនោះ សេដ្ឋកិច្ចខៀវគ្របដណ្តប់លើសកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពដែលភ្ជាប់ទៅនឹងមហាសមុទ្រ និងផ្លូវទឹក រាប់ចាប់ពីជលផល និងការដឹកជញ្ជូន រហូតដល់វិស័យថាមពលដែនសមុទ្រ និងបច្ចេកវិទ្យាជីវសាស្ត្រសមុទ្រ ខណៈដែលសេដ្ឋកិច្ចបៃតងផ្តោតលើកំណើន និងភាពប្រកួតប្រជែងតាមរយៈការកាត់បន្ថយការបញ្ចេញកាបូន ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងការកាត់បន្ថយហានិភ័យបរិស្ថាន។
គំរូសេដ្ឋកិច្ចមួយទៀតត្រូវបានថ្នាក់ដឹកនាំអាស៊ានគូសរំលេចថាជា "សេដ្ឋកិច្ចពណ៌ទឹកក្រូច"។ ឯកឧត្តម Onn Hafiz Ghazi ទេសរដ្ឋមន្ត្រី និងជាប្រធានរដ្ឋ Johor បានលើកឡើងថា រដ្ឋ Johor ត្រូវតែខ្លាំងខាងសេដ្ឋកិច្ចពណ៌ទឹកក្រូច ដោយពិពណ៌នាគំរូសេដ្ឋកិច្ចនេះថាគ្របដណ្តប់លើឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ដូចជាប្រព័ន្ធផ្សព្វផ្សាយ ការរចនា បច្ចេកវិទ្យា និងសិល្បៈ។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលមាតិកាឌីជីថលអាស៊ានឆ្នាំ២០២៥ ឯកឧត្តមបានផ្តោតលើសារៈសំខាន់កាន់តែខ្លាំងនៃឧស្សាហកម្មច្នៃប្រឌិតសម្រាប់អាស៊ាន ដែលជាកត្តាជំរុញភាពប្រកួតប្រជែង ការបង្កើតការងារ និងអត្តសញ្ញាណរបស់តំបន់។ នៅទូទាំងពិភពលោក សេដ្ឋកិច្ចច្នៃប្រឌិតមានតម្លៃប្រមាណ ២,២ ទ្រីលានដុល្លារអាមេរិក ដែលរួមចំណែកប្រហែល ៣% នៃសេដ្ឋកិច្ចពិភពលោក និងផ្តល់ការងារប្រមាណ ៣០ លានកន្លែងនៅក្នុងឧស្សាហកម្មនានា ដូចជាភាពយន្ត ភាពយន្តជីវចល ហ្គេម ការរចនា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
តំបន់អាស៊ីបានក្លាយជាមហាអំណាចមួយក្នុងវិស័យនេះ ដោយកូរ៉េខាងត្បូងបានកសាងឧស្សាហកម្មមាតិកាវប្បធម៌ដែលមានតម្លៃប្រមាណ ១១៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែ៣ទសវត្សរ៍ ដោយផ្តល់ការងារជាង ៦០០.០០០ កន្លែង។ ប្រទេសជប៉ុនក៏មានភាពលេចធ្លោជាសកលផងដែរ ជាមួយនឹងឧស្សាហកម្មគំនូរជីវចល ហ្គេម ការរចនា ការតែងនិពន្ធ និងប្រព័ន្ធផ្សព្វផ្សាយ ដែលបង្កើតចំណូលរាប់ពាន់លានដុល្លារ និងកំពុងមានឥទ្ធិពលលើវប្បធម៌ពិភពលោក។
នៅកម្ពុជា ភាពខ្លាំងនៃភាគលាភប្រជាសាស្ត្រជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឡើងវិញនូវឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដោយសេដ្ឋកិច្ចឌីជីថលត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ១,៦២ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដល់ ៤,៥ ពាន់លានដុល្លារនៅឆ្នា២០៣០ ហើយនឹងផ្តល់កំណើនការងារទ្វេដងពីប្រមាណ ១៤.០០០ កន្លែងនាពេលបច្ចុប្បន្ន។
ក្នុងកិច្ចប្រជុំកំពូលនេះ កម្ពុជាក៏បានស្នើនូវគំនិតផ្តួចផ្តើមកម្រិតអាស៊ានចំនួនបួន រួមមានមូលនិធិអាស៊ានសម្រាប់ការសហការផលិត កម្មវិធីផ្លាស់ប្តូរបុគ្គលមានទេពកោសល្យក្នុងឧស្សាហកម្មច្នៃប្រឌិត បណ្តាញអាស៊ានសម្រាប់ការផ្តល់អាជ្ញាប័នផលិតនិងការពារកម្មសិទ្ធបញ្ញា និងការបង្កើតថ្នាលមាតិកាអាស៊ានដើម្បីផ្សព្វផ្សាយ និងចែកចាយមាតិកាតំបន់ទៅដល់ពិភពលោក។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ឯកឧត្តម ស៊ាង សុលក្ខណ៍ ក៏បានជួបពិភាក្សាការងារជាមួយលោក Anuar Fariz Fadzil នាយកប្រតិបត្តិនៃសាជីវកម្មសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី ដើម្បីពិភាក្សាឱកាសជំរុញកិច្ចសហការក្នុងឧស្សាហកម្មមាតិកាច្នៃប្រឌិតរវាងប្រទេសទាំងពីរ។
ឯកឧត្តម បានបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសហការជាមួយម៉ាឡេស៊ី តាមរយៈការស្រាវជ្រាវរួមគ្នា ការផ្គូរផ្គងអាជីវកម្ម និងការផ្លាស់ប្តូរទេពកោសល្យ រួមទាំងគំនិតផ្តួចផ្តើមដើម្បីភ្ជាប់ម្ចាស់ផលិតកម្ម និងបុគ្គលមានទេពកោសល្យក្នុងឧស្សាហកម្មច្នៃប្រឌិតជាមួយសមភាគីម៉ាឡេស៊ីផងដែរ។ប្រភព ៖ ក្រសួងព័ត៌មាន