កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥ បានបញ្ចប់ដោយភាគីទាំងអស់បានបោះឆ្នោតទទួលយកប្រាក់ខែចំនួន ២០៦ដុល្លារ ដោយការបោះឆ្នោតលើសំឡេងគាំទ្រចំនួន ៤៦លើ៥១សំឡេង ។ បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការបន្ថែមទឹកប្រាក់២ដុល្លារទៀត ដែលធ្វើឲ្យប្រាក់ឈ្នួលជាផ្លូវការសម្រាប់ឆ្នាំ២០២៥ មានចំនួន២០៨ដុល្លារ។
បើយោងតាមប្រសាសន៍ សម្តេចនាយករដ្ឋមន្រ្តី ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៤ នេះ ទោះតិច ឬច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលជូនកម្មករ សម្តេចក៏នឹងព្យាយាមជំរុញឲ្យអាជ្ញាធររកវិធានការកាត់បន្ថយបន្ទុកចំណាយរបស់កម្មករក្នុងវិស័យកាត់ដេរដែរ។
សម្តេចធិបតីបញ្ជាក់ថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយក៏រដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែរ។
គួរជម្រាបថា ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥សម្រាប់កម្មករក្នុងវិស័យកាត់ដេរបានធ្វើឡើងចំនួន៥ដង ដោយភាគីតំណាងកម្មករ និងភាគីថៅកែបានដំឡើង និងបន្ថយតួលេខចរចារៀងៗខ្លួន។
ទីបំផុតក្នុងថ្ងៃទី១៩ កញ្ញា ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥ នឹងមានចំនួន២០៨ដុល្លារ ពោលកើនឡើងចំនួន៤ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលឆ្នាំ២០២៤៕