អភិបាលក្រុងប៉ោយប៉ែត ដឹកនាំប្រជុំពង្រឹងការទប់ស្កាត់លុបបំបាត់បទល្មើសឆក់លួច.ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់នៅក្រុងប៉ោយប៉ែត
Roth - ២៨ តុលា ២០២៣
image

បន្ទាយមានជ័យ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ដើម្បីពង្រឹងការទប់ស្កាត់លុបបំបាត់បទល្មើសឆក់លួច.ប្លន់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុង និងជាប្រធានគណៈបញ្ជការឯកភាពក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ដើម្បីពង្រឹងភូមិ.ឃុំ/សង្កាត់មានសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋ កងកម្លាំងស្ថាប័ន្ធពាក់ព័ន្ធត្រូវពង្រឹងការទប់ស្កាត់លុបបំបាត់បទល្មើសមាន ចោឆក់ លួច និងប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទត្រូវលុបបំបាត់អោយអស់មិនត្រូវកើតមានក្នុងមូលដ្ឋាន ជាពិសេសនៅតាមហាងកាហ្វេ តារាបាល់ ដែលមានប្រជាពលរដ្ឋប្តឹងច្រើន។

លោកអភិបាលក្រុងបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ពីសង្កាត់ ល្បែងជល់មាន់តាមអនឡាញ នៅតាមហាងកាហ្វេ តារាងបាល់ មានច្រើនកន្លែង កន្លងទៅមានការបង្ក្រាបពីសមត្ថកិច្ច តែថាពួកគេតែងតែបំលាស់ទីលេង ម្តងរត់ទៅលិច ម្តងរត់ទៅកើត ដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការបង្ក្រាប  តែទោះយ៉ាងណាសូមឲ្យសមត្ថកិច្ចជួយពង្រឹង និងធ្វើការបង្ក្រាបដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបានកោតសសើរចំពោះកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធា តែសហការគ្នាល្អនៅពេលមានគ្រោះមហន្តរាយកើតឡើងដូចជាអគ្គីភ័យកើតឡើងចុះជួយអន្តរាគមន៍ដោយមិនគិតពីការនឿយហត់ និងមានគ្រោះទឹកជំនន់បានលិចលង់កន្លងមកបានជួយជម្លៀសបានទាន់ពេលវេលា។

លោក គាត ហ៊ុល បានបញ្ជាក់ថា៖ សូមឲ្យស្ថានប័ន្ធពាក់ព័ន្ធ នៅជុំវិញក្រុងប៉ោយប៉ែត ត្រូវត្រៀមរៀបចំរៀងរាល់បញ្ហាប្រឈមដើម្បីលើកនៅក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលក្រុងប៉ោយប៉ែតភាគីកម្ពុជា និងរដ្ឋបាលស្រុកអារ័ញ្ញប្រាថេតភាគីថៃដែលត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ៕

ដោយ៖ សៅ នៅ


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣