តាកែវ៖ ករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ បានយកដំបងដែក វាយបំផ្លិចបំផ្លាញចានឆ្នាំង និងរបស់របរក្នុងផ្ទះបណ្ដាលបែកបាក់អស់មួយចំនួន មិនតែប៉ុណ្ណោះជនសង្ស័យ បានប្រើហឹង្សាដោយយកពិលគប់ទៅលើម្ដាយរបស់ខ្លួនបណ្តាលឲ្យជាំភ្លៅខាងស្ដាំ និងស្រែកគំរាមរកសម្លាប់ចោលបើមិនព្រមចែកទ្រព្យសម្បត្តិឲ្យខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោ ០៨ និង ០០នាទីព្រឹក នៅចំណុចភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនបង្ករឈ្មោះ អុន ណារ៉ូត ភេទប្រុស អាយុ ២៣ឆ្នាំ (ត្រូវជាកូន) ចំណែកជនរងគ្រោះឈ្មោះ យ៉ាត់ ស្រីពៅ អាយុ ៤១ឆ្នាំ (ត្រូវជាម្តាយបង្កើត) អ្នកទាំងពីររស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមការរៀបរាប់របស់ជនរងគ្រោះដែលត្រូវជាម្តាយជនសង្ស័យ បានឲ្យដឹងថា៖ មូលហេតុជនសង្ស័យ យកដំបងដែកមកវាយបំផ្លាញរបស់របរក្នុងផ្ទះ និងឈានដល់ការគម្រាមសម្លាប់ម្តាយខ្លួនឯង ដោយសារខឹងនឹងម្ដាយមិនព្រមចែកទ្រព្យសម្បត្តិឱ្យខ្លួន ហើយម្យ៉ាងទៀតជនសង្ស័យជាមនុស្សប្រើប្រាស់នូវសារធាតុញៀនដល់កំរិត និងធ្លាប់បានម្តាយខ្លួនយកទៅដាក់នៅមណ្ឌលកែប្រែ ចំនួន ០២លើករួចមកហើយ តែពេលខ្លួនចេញមកវិញមិនបានកែប្រែអ្វីសោះ បែជាមកធ្វើទុក្ខបុកម្នេញលើម្តាយឲ្យទឹកភ្នែកលើសដើម។
ក្រោយពេលទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលា ដំបូង ខេត្តតាកែវ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អុន ណារ៉ូត រួមនិងវត្ថុតាង ដើម្បីយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី៕