ការកើតជំងឺទឹកនោមផ្អែមលើកុមារ គឺដោយសារប្រព័ន្ធភាពស៊ាំ និងការផឹកភេសជ្ជៈផ្អែមច្រើន
Roth - ៣១ តុលា ២០២៣
image

ភ្នំពេញៈ កូនស្រី​អាយុ​ ១២ ​ឆ្នាំ​របស់​អ្នកស្រី​ រ៉​ន ចំរើន មាន​បញ្ហា​ខ្សោយតម្រងនោម និង​ក្រលៀន​តាំងពី​កំណើត​។ ដូច​ក្មេង​ដទៃទៀត​ដែរ​នៅ​សាលារៀន កូន​របស់គាត់​ចូលចិត្ត​ហូប​ភេសជ្ជៈ គ្រឿង​កំប៉ុង និង​អាហារ​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​គេ​ដាក់លក់​នៅក្នុង​បរិវេណ​សាលារៀន​។

​ក្នុងនាម​ជា​ម្តាយ អ្នកស្រី​ ចំរើន ក៏​អត់​បានដឹងថា កូន​របស់​អ្នក​ស្រី​មាន​ជំងឺ​តម្រងនោម​ឬ​ក្រលៀន​តាំងពី​កំណើត​នោះទេ រហូតដល់​ខែមីនា ឆ្នាំ​ ២០២៣ ទើប​អ្នកស្រី​បានដឹង​ដំណឹង​ដ៏​អកុសល​នេះ ក្រោយពី​កូន​របស់​អ្នកស្រី​បាន​ហូប​ភេសជ្ជៈ​ផ្អែមៗ​ច្រើនពេក​ជា​ប្រចាំ​អស់​ពេល​ជា​យូរ​។ ថ្ងៃ​ខ្លះ​កូន​របស់​អ្នកស្រី​ហូប​គ្រឿង​កំប៉ុង​ខ្លះ មី​ខ្លះ ហើយ​ពេលខ្លះទៀត​ក៏​មិន​ច្រើន​ដែរ ដោយ​យូរៗ​ហូប​ម្តង​ក៏ដូចជា​នៅ​សាលា និង​នៅផ្ទះ​ផងដែរ​។ អ្នកស្រី​យល់ថា នៅពេលដែល​កូនស្រី​របស់​អ្នកស្រី​ផឹក​គ្រឿង​កំប៉ុង​ច្រើនពេក​ធ្វើឱ្យ​ក្រលៀន​កូន​អ្នកស្រី​ឆាប់​ខូច​។

​ការផឹក​គ្រឿង​កំប៉ុង​ច្រើន ទើបបាន​ធ្វើឱ្យ​កូន​គាត់​ធ្លាក់ខ្លួន​ឈឺ​បែបនេះ​។ ការផឹក​ភេសជ្ជៈ​ផ្អែម​នេះ រួម​នឹង​កូន​របស់​អ្នកស្រី​មាន​បញ្ហា​ក្រលៀន​តាំងពី​កំណើត​ផង​នោះ បានធ្វើឱ្យ​នាង​ឈានទៅដល់​ការកើត​ជំងឺ​ទឹកនោមផ្អែម​​មួយកម្រិត​ទៀត​។​

​អ្នកស្រី ​ចំរើន​ និយាយថា​៖ «​យើង​ហូប​គ្រឿង​កំប៉ុង វា​ខូចសុខភាព​ការ​ញ៉ាំ​គ្រឿង​កំប៉ុង​ច្រើន​របស់​ផ្អែមៗ​របស់​ផ្អាប់​មិនសូវ​ល្អ​ទេ​»​។​

វេជ្ជបណ្ឌិត ដែល​ឯកទេស​ជំងឺ​​ទឹកនោមផ្អែម លោក ​ស៊ុំ ស​ត្ថា បានឱ្យដឹងថា កុមារ​ដែល​កើតជំងឺទឹកនោមផ្អែមប្រភេទទី១ វាកើតឡើងដោយចៃដន្យ គឺដោយសារប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺទៅធ្វើឱ្យលំពែងខូច មិនអាចផលិតអាំងស៊ុយលីន និងគ្រប់គ្រងជាតិស្ករបាន។ វា​កើតឡើង​ដោយ​ចៃដន្យ គឺ​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកជំងឺ មិនអាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​បាន​។ លោក​ថា ថ្មីៗ​នេះ​នៅ​អា​មេ​រិ​ក​គេ​រកឃើញ​មាន​ថ្នាំ​ពន្យារ​អ្នក​ដែល​បម្រុង​កើត​ឱ្យបាន​យូរ​តែ​អត់​មានការ​ប្រើប្រាស់​ឱ្យ​ទូលំ​ទូលាយ​ទេ​។

​លោក​វេជ្ជបណ្ឌិត​បាន​ហាម​ដាច់ខាត​កុមារ​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ឈប់​ចាក់​អាំង​ស៊ុយ​លីន ដោយ​គ្មាន​វេជ្ជបញ្ជា ព្រោះថា អត់​មាន​ថ្នាំ​គ្រាប់ អត់​មាន​អាហារ​បំប៉ន ឬ​ឱសថ​បុរាណ​ណា អាច​ព្យាបាល​បានទេ គឺ​មានតែ​អាំង​ស៊ុយ​លីន​មួយ​ប៉ុណ្ណោះ​។ លោក​ថា ជា​ធម្ម​តា នៅក្នុង​ការព្យាបាល កុមារ​ត្រូវមាន​ការយកចិត្តទុកដាក់​ជាពិសេស ដោយមាន​ការបង្កើត​ក្រុម​ថែទាំ​សុខភាព​ឱ្យ​លើសពី​មនុស្ស​ចាស់​។ ក្នុងនោះដែរ លោក​បាន​ជំរុញឱ្យមាន​ការចូលរួម​ពី​ក្រុមគ្រួសារ ឪពុកម្តាយ គ្រូបង្រៀន សា​សា​រៀន និង​គ្រូពេទ្យ​ផ្ទាល់​។​

​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ការកើត​ជំងឺ​ទឹកនោមផ្អែម​លើ​កុមារ​ គឺ​ដោយសារ​មូលហេតុ​ប្រ​​ព័ន្ធ​ភាពស៊ាំ​របស់​ក្មេង និង​ការបរិភោគ​ភេសជ្ជៈ​ផ្អែម​។ មួយទៀត​គាត់​ចូលចិត្ត​ហូប​ភេសជ្ជៈ​ផ្អែម​ធ្វើឱ្យ​គាត់​ឡើង​គីឡូ​ហើយ​ថ្ងៃក្រោយ ពេលដែល​គាត់​ធំ​ពេញរូបពេញរាង​គាត់​ប្រឈម​នឹង​កើត​ជំងឺ​ទឹក​ផ្អែម​ប្រភេទ​ ២​។​

​ក្រសួង​អប់រំ​យុវជន និង​កីឡា បានដាក់​ការហាមឃាត់​មិនឱ្យ​គ្រឹះស្ថានសិក្សា​នានា ដាក់លក់​ចំណីអាហារ​ភេសជ្ជៈ​ផ្អែម​ផ្សេងៗ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​កុមារ​ទេ​។ នៅក្នុង​នោះដែរ​រួមមាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម ក៏​ត្រូវបាន​រាប់បញ្ចូល​ផងដែរ​។ វិធាន​ការ​របស់​ក្រសួង​អប់រំ​នេះ​ក្នុង​គោល​បំណង ដើម្បី​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ការលើកកម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​ចំណីអាហារ​។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​លេខ​ ១៨ អយក​.​ស​ណន របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​កាល​ពីថ្ងៃ​ទី​ ២ ខែឧសភា ឆ្នាំ​ ២០១៩​។​

​អ្នកនាំពាក្យ ក្រសួង​អប់រំ លោក​ស្រី ឃួន វិច្ឆិកា បាន​ប្រាប់​នៅ​ថ្ងៃទី ​២៤ ខែតុលា ឆ្នាំ​ ២០២៣​ ថា​៖ «​សម្រាប់​ប្រសិទ្ធភាព​ការងារ​ក្នុង​រយៈពេល​កន្លងមក យើង​ឃើញ​សាលារៀន​នានា​ទទួល​បានការ​គាំទ្រ​ពី​នាយក​សាលា និង​សហ​គម​ន៍​។ ទាំង​គ្រូ និង​សិស្ស​ក៏មាន​ចំណេះដឹង​ច្រើនជាង​មុន និង​បង្កើន​ការប្រុងប្រយ័ត្ន​។ គ្រប់ភាគី​ពាក់ព័ន្ធ​សហការ​ឱ្យ​កាន់តែ​មានការ​ប្រសើរឡើង​។ សាលា​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ការលក់​នំ​ខ្មែរ​ថែម​ទៀតផង​»​។

​លោកស្រី​បន្តថា នាយកដ្ឋាន​សុខភាព​សិក្សា​នៃ​ក្រសួង​អប់រំ​បាននិងកំពុង​តែ​ធ្វើការ​ជាមួយ​ក្រសួង​សុខា​ភិ​​បាល ដើម្បី​ធ្វើ​ការចុះ​ណែនាំ​នៅ​គ្រប់កន្លែង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ចំណេះ​ទូទៅ​ទាំងអស់​ទូទាំងប្រទេស​។ ក្រសួង​បានធ្វើ​ការងារ​ជិតស្និទ្ធ​ជាមួយ​មន្ទីរ ហើយ​មន្ទីរ​បាន​ផ្សព្វផ្សាយ​ទៅតាម​សា​លា​ទូទាំងប្រទេស​។ នាយកដ្ឋាន​បានធ្វើការ​រឿង​ហ្នឹង​ គឺ​កម្រិត​ទូទាំងប្រទេស​តែម្តង​។ ក្រៅពីនេះ​ក្រសួង​ក៏​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ របស់​ក្រសួង​ដែល​ផ្សព្វផ្សាយ​ទៅគ្រប់​សាលារៀន ហើយ​ក៏មាន​សេចក្តីណែនាំ​ទៅ​សាលា​សាធារណៈ​ទាំងអស់ គ្របដណ្តប់​គ្រប់​សាលា​ទាំងអស់​តាំងពី​បឋមសិក្សា ដល់​មធ្យមសិក្សា​ចំណេះដឹង​ទូទៅ​។​

​លោកស្រី ឃួន វិច្ឆិកា មើល​ឃើញថា ការ​លុកលុយ​ពី​ទឹកនោម​​ផ្អែម​ហើយ​ផលិតផល​ហួស​ដេ​លេ​គ្មាន​ការកំណត់​នេះ​ដែល​បាត់បង់​គុណភាព​ធ្វើឱ្យប៉ះពាល់​ដល់​សុខ​ភាព​ប្រជាជន​ជាពិសេស​កុមារ​។​

​លោកស្រី​ថា​៖ «​កុមារ​ គឺជា​អ​នា​​គ​តរបស់​ប្រទេសជាតិ ប្រសិនបើ​គាត់​មាន​សុខភាព​អត់​ល្អ​តាំងពី​តូច​ទៅ​លោកស្រី​ជឿថា គាត់​នឹង​អាច​ប្រឈម​នឹង​ការបាត់​ឱកាស​រៀន​នៅ​ថ្ងៃ​អនាគត​ដែរ​»​។

​លោកស្រី ​រ៉​ន ចំរើន​បាន​លើកឡើងថា សាលា​កូន​របស់​អ្នកស្រី​ឥឡូវនេះ​គេ​ឈប់​លក់​គ្រឿង​កំប៉ុង​អស់ហើយ​តាំងពី​កូន​គាត់​ឈឺ​មកម្ល៉េះ​។ ​អ្នកស្រី​ថា មិនបាច់​មានការ​​ស្នើ​ទេ ព្រោះ​ក្រសួង​បាន​ហាម​ឈប់​ឱ្យ​លក់​នៅតាម​សាលារៀន​។ អ្នកស្រី​មើលឃើញថា ការផឹក​គ្រឿង​កំប៉ុង និង​អាហារ​គ្មាន​គុណភាព​អាច​ប៉ះពាល់​ដល់​សុខ​ភាព​ក្មេង​ជាច្រើន ដែល​អាច​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​ខូច​តម្រងនោម ដូច​កូន​អ្នកស្រី​ផងដែរ​។​

​កាលពី​ខែសីហា​កន្លងមក​ សិស្ស​​ប្រុស​ម្នាក់​ឈ្មោះ​ អៀម ភា​រុណ​ អាយុ ​១៤ ​ឆ្នាំ រៀន​ថ្នាក់​ទី៦ ​នៅ​សាលាបឋមសិក្សា​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាមរ ខេត្តព្រៃវែង​បាន​ស្លាប់​។ គ្រួសារ​យុវ​សិស្ស​រូប​នេះ​បាន​បញ្ជាក់ថា ភា​រុណ​មិន​ឈឺ​ជំងឺ​ធ្ងន់ធ្ងរ​ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​អ្វី​ទេ​តាំងពី​តូច​មក​។ ប៉ុន្តែ​ភា​រុណ​ផឹក​ភេសជ្ជៈ​ផ្អែម​ច្រើនពេក ដែល​បណ្តាលឱ្យ​គាត់​មាន​អាការ​ហើម​មុខ និង​ស្លេកស្លាំង​ទើប​ក្រុម​គ្រួ​សារបាន​យកទៅ​មន្ទីរពេទ្យ​ចំនួន​ ៤ លើក​នៅ​រាជធានី​ភ្នំពេញ​។ យប់​ថ្ងៃទី​ ៦ ខែសីហា ឆ្នាំ​ ២០២៣ ​ភា​រុណ​ក៏បាន​ទទួលមរណភាព​នៅផ្ទះ​ដោយសារ​អស់​លទ្ធភាព​ក្នុងការ​ព្យាបាល​។​

​យោងតាម​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​បានឱ្យដឹងថា មន្ទីរពេទ្យ​នេះ​ទទួល​ព្យាបាល​កុមារ​កើត​ជំងឺ​ទឹកនោម​ផ្អែម​រហូតដល់​ទៅ ​៨០ ​ករណី ក្នុង​ ១ ​ឆ្នាំៗ ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ចំនួន​កុមារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ដែល​មក​ស្វែងរក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ហាក់​មានការ​កើនឡើង​ផងដែរ​៕

 

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣