ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង
THY CHOM - ២៦ មេសា ២០២៤
image

ផ្ដើមដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Tomas Kiechle អភិបាលក្រុង Kempten.។

កិច្ចពិភាក្សាបានរៀបចំឡើងនៅសាលប្រជុំនៃសាលាក្រុង Kempten ដោយមានការចូលរួមពីលោកបណ្ឌិត Richard Schiebl ប្រធានស្ថាប័នជំនាញអាល្លឺម៉ង់ និងមន្រ្តីជាន់ខ្ពស់សាលាក្រុង Kempten មួយចំនួនទៀត។ កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីភាគីអាល្លឺម៉ង់លើប្រធានបទស្ដីពី«ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់»។

ក្នុងបទបង្ហាញលើប្រធានបទស្ដីពីភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់ លោកអភិបាលក្រុង និងលោកបណ្ឌិត ដោយមានការចូលរួមពីអ្នកជំនាញខាងវិមជ្ឈការ និងអភិបាលកិច្ចមូលដ្ឋានផង បានគូសបញ្ជាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូកម្ពុជា អំពីកម្រិតរដ្ឋបាលខុសៗគ្នា គោលការណ៍នៃក្របខណ្ឌសហប្រតិបត្តិការរបស់សហព័ន្ធ ទិដ្ឋភាពរួមនៃប្រព័ន្ធរដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់ និងគោលការណ៍ណែនាំស្តីពីច្បាប់រដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសតម្កល់នៅសាលាក្រុង Kempten ព្រមទាំងថតរូប និងផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជាមួយភាគីអាល្លឺម៉ង់ មុននឹងបន្តទស្សនកិច្ចមន្ទីរពិសោធន៍ នៃអនាគត (Future Lab) និងស្តាប់បទបង្ហាញស្តីពី «យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten»។

នៅពេលធ្វើបទបង្ហាញពាក់ព័ន្ធនឹងយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten លោកបណ្ឌិត Richard Schiebl និងលោក Andreas Ellinger មន្ត្រីជំនាញផ្នែករដ្ឋាភិបាលអេឡិចត្រូនិក ដែលមានបទពិសោធផ្នែកសិក្សាស្រាវជ្រាវជាច្រើនឆ្នាំអំពីទីក្រុងឆ្លាតវៃ បានចែករំលែកបទពិសោធអំពីគោលបំណងនៃការរៀបចំមន្ទីរពិសោធន៍នៃអនាគត ភ្ជាប់នឹងលក្ខណៈពិសេស ក៏ដូចជាដំណើរការប្រព្រឹត្តទៅនៃការរៀបចំទីក្រុង ដោយភ្ជាប់នឹងបច្ចេកវិទ្យាឌីជីថល។

 

សូមបញ្ជាក់ថា ទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំគណៈកម្មាធិការនិងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួនទៀតផងដែរ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣