សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ
THY CHOM - ២៥ មេសា ២០២៤
image

រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារកំណែទម្រង់វិមជ្ឈការ ព្រមទាំងគម្រោងបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមន្រ្តីជំនាញក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃកិច្ចជំនួបសម្ដែងការគួរសមនិងពិភាក្សាការងាររវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធស្វីស នៅទីក្រុងប៊េន កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សំណើទាំង ៣ចំណុច ដែលស្នើឡើងដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងទទួលបានការឯកភាពគាំទ្រពីភាគីស្វីស នោះរួមមាន ៖ ទី១. ការគាំទ្រដំណើរការកែទម្រង់វិមជ្ឈការនៅកម្ពុជា ព្រមទាំងជំនួយបច្ចេកទេសនានាដែលជាតម្រូវការចាំបាច់ ទី២. ការគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្ត្រីនគរបាល និងអ្នកអនុវត្តច្បាប់នៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ការលាងលុយកខ្វក់ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និងទី៣. ការគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីនៅស្ថាប័នក្រោមជាតិ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

ក្នុងជំនួបនោះដែរ ឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសស្វីស បានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូកម្ពុជា និងបានចូលរួមអបអរសាទរឯកឧត្តមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសង្ឃឹមនិងជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងដឹកនាំក្រសួងមហាផ្ទៃ ប្រកបដោយជោគជ័យ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហព័ន្ធស្វីស ដែលបាននឹងផ្ដល់ការគាំទ្រជាច្រើនវិស័យមកដល់ប្រទេសកម្ពុជា រួមទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការពង្រឹងគណនេយ្យភាពសង្គម ខណៈក្នុងជំនួបនោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីការទទួកយកសំណើទាំង៣ របស់កម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទាំងនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីដកស្រង់បទពិសោធបន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣