អន្តរជាតិ៖ តាមគម្រោងថ្ងៃពុធ ទី៦ ខែធ្នូ នេះ សភាអាមេរិកត្រូវអនុម័តផ្តល់ជំនួយផ្នែកយោធា មនុស្សធម៌ និងសេដ្ឋកិច្ចដល់អ៊ុយក្រែន ប៉ុន្តែ១ថ្ងៃមុន គឺថ្ងៃអង្គារ ទី៥ធ្នូ សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានទាស់ទែងខ្វែងគំនិតគ្នា ហើយសមាជិកសភាបក្សសាធារណរដ្ឋ ដើរចេញពីអង្គប្រជុំ។ ក្នុងអង្គប្រជុំនៅនាទីចុងក្រោយទៅហើយ លោក Chuk Schumer ប្រធានក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យប្រចាំនៅព្រឹទ្ធសភា បានប្រកាស ថា «ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ពុំអាចថ្លែងសុន្ទរកថាខ្លីតាមវីដេអូ នៅចំពោះមុខសភាអាមេរិកបានទេ ព្រោះមានស្ថានការណ៍វិវឌ្ឍថ្មី»។
សហរដ្ឋអាមេរិក ជាម្ចាស់ជំនួយធំជាងគេដល់អ៊ុយក្រែន តាំងពីផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នាខែកុម្ភៈ ២០២២។ ថ្ងៃទី២២ ខែតុលា កន្លងទៅនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្យាផ្តល់ជំនួយ ជាង ៦១ ពាន់លានដុល្លារ បន្ថែមទៀត សម្រាប់អ៊ុយក្រែន ហើយនិង ប្រមាណ ១៤ ពាន់លាន សម្រាប់ជួយអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ខ្លួន។
ប្រធានរដ្ឋសភាអាមេរិក Mike Johnson មកពីបក្សសាធារណរដ្ឋ បានយកកញ្ចាប់ជំនួយជួយអ៊ុយក្រែន ជាចំណាំថ្នូរ ប្តូរនឹងការផ្លាស់ប្តូរនយោបាយគ្រប់គ្រងជនភៀសខ្លួនរបស់លោក ចូ បៃដិន។ លោក Mike Johnson ថ្លែងថា «ការផ្ទេរជំនួយនេះ ជាប់ទាក់ទងនឹងការកែប្រែនយោបាយយ៉ាងស៊ីជម្រៅអំពីជនភៀសខ្លួន»។ ពិសេសជនអន្តោប្រវេសន៍មកពីព្រំដែនម៉ិចស៊ិក។
ទង្វើរាំងស្ទះពីសំណាក់គណបក្សសាធារណរដ្ឋ បានធ្វើឲ្យព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យ លោក Chris Murphy ខឹងសម្បារ និងថា «ពួកគេនេះកកូរកកាយរារាំងកញ្ចប់ជំនួយជួយដល់អ៊ុយក្រែន គឺហាក់ដូចជាជ្រើសរើសផ្លូវឲ្យលោក ពូទីន ឈ្នះសង្គ្រាម ដើរលើទីក្រុងក្រៀវ និងជាន់លើ អឺរ៉ុប ហើយ»។
ដូចគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក បានទម្លាក់កំហុស និងស្តីបន្ទោសជាខ្លាំង ចំពោះសមាជិកភាអាមេរិក មកពីបក្សសាធារណរដ្ឋ។ លោក ចូ បៃដិន ក៏លើកឡើងថា «ការបង្ហាញពីអសមត្ថភាពជួយអ៊ុយក្រែន គឺជារឿងល្ងង់ខ្លៅ ហើយផ្ទុយពីផលប្រយោជន៍អាមេរិក ហើយនេះជាកំហុសធំ»។
សេតវិមានប្រធានាធិបតីអាមេរិក តាមរយៈនាយិកាហិរញ្ញវត្ថុ Shalanda Young បានទាញសញ្ញាណអាសន្នថា «ពីពេលនេះដល់ដាច់ឆ្នាំ ប្រសិនបើសភាអាមេរិក មិនព្រមអនុម័តកញ្ចប់ជំនួយថ្មីទេ នោះយើងនឹងអស់អាវុធ និងគ្រឿងបរិក្ខារយោធាក្នុងស្តុកដែលទុកសម្រាប់ត្រូវបញ្ចូនទៅឲ្យអ៊ុយក្រែនហើយ»។
ទន្ទឹមនឹងគ្នានេះ លោក Andriy Yermak នាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក VoA ថា «ការពន្យារពេលផ្តល់ជំនួយ គឺធ្វើឲ្យកម្លាំងប្រយុទ្ធវាយបករបស់អ៊ុយក្រែន ទៅមុខលែងរួច ហើយនិងបង្កហានិយភ័យធំដល់ការចាញ់សង្គ្រាមទៀតផង»៕