ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា ការរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី គឺដើម្បីឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យមកនៅកម្រិតទាបបំផុត និងចូលរួមអនុវត្តនូវផែនការសកលស្តីពីសុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបាន ៥០% នៅឆ្នាំ២០៣០។
ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
យោងតាមរបាយការណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ១ ៥២០លើក ក្នុងនោះចំនួនអ្នកស្លាប់ចំនួន ៧៩៣នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥ភាគរយ ចំនួនអ្នករបួស ២ ០៧២នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។ ក្នុងចំណោមអ្នកស្លាប់សរុបមាន ៧៥ភាគរយ ជាអ្នកជិះម៉ូតូ ខណៈចំនួនយានយន្តបានចុះបញ្ជី គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៤ សរុបចំនួន ៧ ៣៥១ ៩០៦គ្រឿង ក្នុងនោះម៉ូតូ ចំនួន ៦ ២៤៤ ០៩៦គ្រឿង។
សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ត្រូវបានបន្ថែមថ្មី និងកែសម្រួល ចំនួន ៥២មាត្រា លើ ៩២មាត្រា ដែលក្នុងនោះ ផ្តើមស្នើដោយក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤០មាត្រា ផ្តើមស្នើដោយក្រសួងមហាផ្ទៃ ចំនួន ៥មាត្រា និងផ្តើមស្នើដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចំនួន ៧មាត្រា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើក្រុមការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តឆ្លងក្រុមការងារបច្ចេកទេស តាមនីតិវិធី ឱ្យបានឆាប់រហ័ស និងឈានដល់ការស្នើសុំដាក់ជូនឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕