(ខេត្តកណ្តាល)៖ ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំឱ្យក្រុមហ៊ុនទឹកស្អាត មេគង្គ ថូរថេបុល វីធើរ ខនស្ត្រាក់សិន អ៊ីមផត អិចផត (ម៉េផូវ៉ាស៊ីម៉ិច) ត្រូវសហការណ៍គ្នាជាបន្ទាន់ក្នុងការដោះស្រាយ បញ្ហាកង្វះទឹកស្អាតសម្រាបតម្រូវការប្រើប្រាស់ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
សូមជម្រាបថាៈ ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្រ្តីជំនាញនិងអង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលស្រុកកៀនស្វាយ ដើម្បីស្វែងយល់ពីដំណើរការការងាររដ្ឋបាល និងការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបានឆាប់រហ័ស។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបន្ត ឲ្យរដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ និងរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់ នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូន ប្រជាពលរដ្ឋក្នុងឃុំគគីរធំ ស្រុកកៀនស្វាយជន្ទាន់។ ហើយក៏បានជំរុញឱ្យក្រុមហ៊ុន ទឹកស្អាត បន្តពង្រីកសក្តានុពលរបស់ខ្លួន ដើម្បីបន្តចែកចាយទឹក ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានគ្រប់គ្នាដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតទៅថ្ងៃអនាគត។
ឯកឧត្តមអភិបាលខេត្ត បានពន្លឿនដល់ក្រុមហ៊ុន និងមន្ទីរជំនាញ ត្រូវស្វែងរកដំណោះស្រាយអោយបានទាន់ពេលវេលា ដើម្បីអោយប្រជាពលរដ្ឋមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ពិសេសត្រូវពង្រីក តបណ្តាញទឹកស្អាតអោយបានកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងតម្រូវការ ប្រើប្រាស់របស់ប្រជាពលរដ្ឋ។