(តាកែវ)៖ ក្រុមយុវជន៥នាក់ ដែលជានិស្សិតមហាវិទ្យាល័យ រៀននៅខេត្តកំពង់ចាម ហើយបានធ្វើដំណើរមកលេងបុណ្យភ្ជុំបិណ្យនៅផ្ទះមិត្តនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានលង់ទឹកស្លាប់៣នាក់ កាលពីវេលាម៉ោង៤ជាងរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅម្តុំស្ទឹងកំពង់លាស ស្ថិតនៅក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ទាក់ទងទៅនឹងករណីនេះ យោងតាមលោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស បានអោយដឹងថា បន្ទាប់ពីពួកគាត់ទាំង ៥នាក់ មកងូតទឹកលេងនៅទីតាំងទឹកស្ទឹងខាងលើ ក៏បណ្ដាលអោយលង់ទឹកស្លាប់៣នាក់ នឹងបានជួយសង្រ្គោះចំនួន២ នាក់ ហើយសមត្ថកិច្ចក៏បានស្វែងរកសពយុវជនដែលបានបាត់ខ្លួន ទាំង៣នាក់នោះឃើញក្នុងថ្ងៃដដែល និងបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។