តុលាការចេញដីកាបញ្ជាឲ្យអធិការរងស្រុកភ្នំស្រួច និងមេប៉ុស្តិ៍ឃុំត្រែងត្រយឹង ចូលបង្ហាញខ្លួនពាក់ព័ន្ធ បទល្មើសជួញដូរគ្រឿង.ញៀ.ន
Roth - ០២ វិច្ឆិកា ២០២៣
image

ភ្នំពេញ៖ លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារង និងជាករណីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបញ្ជាឱ្យលោក ផែន ប្រុស អធិការរងស្រុកភ្នំស្រួច និងលោក សែម វុឌី មេប៉ុស្ដិ៍រដ្ឋបាលឃុំត្រែងត្រយឹង ចូលបង្ហាញខ្លួនឱ្យបានមុនថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើការស្តាប់ចម្លើយ ទាក់ទងនិងបទល្មើស ជួញដូរគ្រឿញៀន។ នេះបើយោងតាមដីកាបញ្ជាឱ្យចូលខ្លួនចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដែលរស្មីកម្ពុជា ទើបទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទាក់ទងករណីគ្រឿងញៀននេះដែរកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖

១- នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។

២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឆ្នាំដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំងប្រាំមួយរូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។

៣- តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំងប្រាំមួយរូបនេះ ពុំមានផ្ទុកសារធាតុញៀន ដូចសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ។

៤- មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ ការសម្ងាត់នៃការស៊ើបអង្កេត

៥- ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣