គ្រឿងញៀនជាង ៤សែនគ្រាប់ ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូលកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានតម្រួតថៃចាប់បាន
ជីវ័ន្ត - ០៣ កញ្ញា ២០២៤
image

បន្ទាយមានជ័យ៖ គ្រឿងញៀនជាង៤សែនគ្រាប់ ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូលកម្ពុជា ត្រូវបានតម្រួតថៃចាប់បាននៅវេលាម៉ោង៦.៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក ខេត្តស្រះកែវប្រទេសថៃ ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតខាងកម្ពុជា។

ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក បានប្រាប់ឲ្យដឹងថា៖ មុនពេលតម្រួតថៃឃាត់ចាប់បានគ្រឿងញៀន មានបុរសជនជាតិថៃម្នាក់ បានបើកឡានមកចតនៅចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខាងភាគីថៃ បានទំលាក់វ៉ាលីចំនួន៣ រួចជនជាតិថៃម្នាក់នោះ បានប្រាប់ឲ្យជនជាតិខ្មែរដែលជាកម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់ វ៉ាលីរបស់ខ្លួនយកឆ្លងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា នៅពេលលើកវ៉ាលីធ្ងន់ពេកលើកដាក់រទេះមិនរួច ក៏ហៅគ្នាមកជួយលើក ហើយឆ្ងល់ហេតុអ្វីវ៉ាលីខោអាវធ្ងន់ខុសពីធម្មតា ក៏បើកមើលឃើញកញ្ចប់សង្ស័យគ្រឿងញៀន ទើបរាយការណ៍ប្រាប់តម្រួតថៃចាប់តែម្តង ហើយក៏បានហៅកម្មករអូសរទេះទៅសួរនាំ និងរកឃើញគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៣វ៉ាលី។ ចំណែកជនជាតិថៃដែលជួលឲ្យកម្មករខ្មែរអូសរទេះនោះ បន្ទាប់ពីនិយាយជាមួយកម្មករអូសរទេះហើយ ក៏ដើរឆ្លងចូលមកខាងទឹកដីកម្ពុជាមុនបាត់ស្រមោលតែម្តង។

ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា យ៉ាបា ឬមេតំហ្វេតាមីន ដែលឃាត់នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក បម្រុងនាំចូលមកកម្ពុជានោះ មានទំងន់២០០គីឡូក្រាម មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៤០០,០០០គ្រាប់ ខណៈនេះកំពុងសួរនាំកម្មករអូសរទេះ និងឆែកមើលកាមេរ៉ាសុវត្ថភាព ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យដើម្បីតាមចាប់ខ្លួនមកអនុវត្តច្បាប់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣