ឃាត់ខ្លួនជនសង្ស័យដែលក្លែងព្រះរាជសារ ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនានៅវត្តទេពវិមាន ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន
Roth - ០១ វិច្ឆិកា ២០២៣
image

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ព្រះបរមរាជវាំង បដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែល ត្រូវបានបង្ហោះ ចែកចាយ ក្នុងប្រព័ន្ធបណ្តាញសង្គម និងដោយមានបទបញ្ជាពីប្រមុខ រាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែងនៅម្តុំវិទ្យាល័យសម្តេច ជា ស៊ីម សន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។

ករណីនេះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជន ប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលអោយខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣