ក្រសួងការពារជាតិ នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានជូនដំណឹងដល់សាធារណៈជនជ្រាបថា ព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។តាមក្រសួងបានបញ្ជាក់ថា ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទី បញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន មាណែត សូមសម្ដែងនូវការសោកស្ដាយ និងក្ដីសោកសង្រេងជាទីបំផុត ចំពោះដំណឹងមរណភាពរបស់ លោក ខេង ឆៃយុទ្ធ និង លោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ថិតក្នុងវេលាដ៏វិយោគសោកសៅនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន មាណែត សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពោរពេញដោយក្ដីសោកស្ដាយអាឡោះអាល័យជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរអាកាសយានិកទាំង ២ រូប សូមបានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ ការពលីជីវិតរបស់អាកាសយានិក ទាំង២រូបនេះ គឺជាការបាត់បង់នូវធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទជាពិសេសកងទ័ពជើងអាកាស ដែលគួរឲ្យសោកស្តាយបំផុត។
លោកជំទាវបណ្ឌិត ក៏សូមអរគុណ និងកោតសរសើរដល់ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងអាកាស កងទ័ពជើងគោក យោធភូមិភាគទី៥ គណៈបញ្ជាការខេត្ត ដែលបានបំពេញភារកិច្ច ក្នុងប្រតិបត្តិការរុករក និងសង្រ្គោះនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពអង់អាច៕