ឃុំខ្លួនមន្រ្តីប្រឆាំងបទល្មើសគ្រឿងញៀន ខេត្ដស្ទឹងត្រែង ៣នាក់ ពាក់ព័ន្ធនឹងបទល្មើសចោរកម្ម និងគ្រឿងញៀន
សាល ជីវ័ន - ២៥ កក្កដា ២០២៤
image

ស្ទឹងត្រែង៖ ចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនជនសង្ស័យ៣នាក់ ជាបណ្តោះអាសន្ន ដែលម្នាក់មានតួនាទីជា នាយការិយាល័យ និង២នាក់ទៀត ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាង ៣នាក់ ដែលត្រូវបានឃុំខ្លួននោះគឺ ១៖ ឈ្មោះ ចែម ផានិត មានឋានៈវរសេនីយ៍ឯក (ស័ក្តិ៥) មានតួនាទីជានាយការិយាល័យនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង, ២៖ ឈ្មោះ ចាន់ រដ្ឋា ឋានៈវរសេនីយ៍ត្រី (ស័ក្តិ៤) ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត និង៣៖ ឈ្មោះ ឃឹម លាងឃាន់ ឋានៈវរសេនីយ៍ត្រី (ស័ក្តិ៤) ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

នាយនគរបាលការិយាយបង្ក្រាបបទល្មើសគ្រឿងញៀនទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់មុខសញ្ញាចោរកម្មម្នាក់អះអាងថា គ្រឿងញៀនដែលខ្លួនប្រើប្រាស់គឺទិញពីអ្នកទាំង ៣ខាងលើ។
គួររំលឹកថា ៖ កាលពីរសៀលថ្ងៃទី២១ កក្តដា ២០២៤​ កម្លាំងចម្រុះ​ បានធ្វើការឡោមព័ទ្ធផ្ទះ លោក ចែម ផានិត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ស្ថិតនៅផ្លូវទំនប់បេតុង ភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ បន្ទាប់មកក៏ធ្វើការឃាត់ខ្លួន នាយរងនគរបាលការិយាល័យគ្រឿងញៀនស្ទឹងត្រែង២នាក់ទៀត ។ 
នៅក្នុងប្រតិបត្តិការចុះឡោមព័ទ្ធផ្ទះ និងការឃាត់ខ្លួនមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តទាំង ៣នាក់នោះ  គឺ ផ្អែកតាមការទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ ក្នុងសំណុំរឿងចោរកម្ម លួចកាត់ខ្សែភ្លើង និងការប្រើប្រាស់គ្រឿងញៀន ដែលកម្លាំងកងរាជអាវុធហត្ថខេត្ត បានបង្ក្រាប និងចាប់ខ្លួនបាន កាលពីថ្ងៃទី១៧-១៨ កក្កដា ២០២៤ កន្លងទៅនេះ។ ហើយនៅក្នុងការឃាត់ខ្លួន មន្រ្តីប្រឆាំងគ្រឿងញៀនខេត្ត ទាំងបីនាក់នេះ គឺកម្លាំងកងរាជអាវុធហត្ថខេត្ត បានបើកការស៊ើបអង្កេត ស្រាវជ្រាវហ្មត់ចត់បំផុត ដោយធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ព្រោះត្បិតសុទ្ធសឹងតែជាអ្នកមានឋានៈ និងតួនាទីខ្ពស់ ក្នុងជួរកងកម្លាំង។

ក្រោយការស៊ើបអង្កេតរួច និងឈានដល់ការឃាត់ខ្លួន មន្ត្រីទាំងបីនាក់ខាងលើនោះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅកាន់អយ្យការ និងសាលាដំបូងខេត្ត។ ចំណែកតំណាងអយ្យការ អមសាលាដំបូងខេត្ត បានធ្វើការចោទប្រកាន់ និងបញ្ជូនសំណុំរឿងព្រហ្មទណ្ឌនោះ ទៅចៅក្រមស៊ើបសួរ នៃសលាដំបូងខេត្ត និងក្រោយការសាកសួរអស់រយៈពេលជាច្រើនម៉ោង ចៅក្រមស៊ើបសួរបានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួនជាណ្តោះអាសន្ន ជនដែលត្រូវចោទទាំង ៣នាក់នោះ នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

មន្ត្រីនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ ស៊ាងហាក់ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹង នៅថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះដែរថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង បានចោទប្រកាន់រួចរាល់ និងចេញដីកាឃុំខ្លួនរួចហើយ។ ចំណែកវត្ថុតាងដែលរឹបអូសបាន រួមមាន៖ ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ, ប្រាក់ដុល្លារក្លែងក្លាយ ចំនួន១៧៨,១០០ដុល្លារ គ្រឿងញៀនមានទម្ងន់៣,១៧ក្រាម ទូរស័ព្ទ ៥គ្រឿង រថយន្តម៉ាកហាយឡិនឌ័រ ១គ្រឿង អាវុធខ្លី១ដើម និងគ្រាប់មានចំនួន ៣៤គ្រាប់ ផងដែរ ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣