ឧទ្ធម្ភាគចក្រដែលបាត់ដំណឹងអស់រយៈពេល ១០ហើយ ខណៈកម្លាំងចម្រុះជាង ១ពាន់នាក់ កំពុងចុះប្រតិបត្តិការស្វែងរកនៅតំបន់ជួរភ្នំក្រវ៉ាញ និងចំណុចភ្នំខ្មោច
ជីវ័ន្ត - ២៣ កក្កដា ២០២៤
image

ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃទី២២ ខែកក្កដានេះ បានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនងសង្គមថា «នៅថ្ងៃនេះកងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រួតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ»

ប្រតិបត្តិការស្វែងរកដោយប្រើវិធីបែងចែកកម្លាំងមួយចំនួនសម្រួតខ្សែចុះពីឧទ្ធម្ភាគចក្រនេះ បានធ្វើឡើងនៅតំបន់ព្រៃក្រាស់ ខណៈមេឃឈប់ភ្លៀងហើយអ័ព្ទបានរំសាយ។ ប្រតិបត្តិការរុករកនេះ បានប្រើប្រាស់កម្លាំងថ្មើរជើងដោយពាក់អាវភ្លៀងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ និងកងកម្លាំង រុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះដ្រូន ។ ហើយនៅពេលចុងក្រោយនេះ កម្លាំងរុករកបាន កើនឡើងដល់ជាង ១០០០នាក់ហើយ ដោយពាក់អាវភ្លៀងចុះប្រតិបត្តិការដោយស្វែងរកនៅតំបន់ជួរភ្នំក្រវ៉ាញ ពិសេសចំណុចភ្នំខ្មោច ដែលមានកំពស់ខ្ពស់ ស្ថិតនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់។

បើតាមអ្នកនាំពាក្រក្រសួងការពារជាតិថា ស្ថានភាពអំណោយផលនេះ សង្ឃឹមថានឹងធ្វើអោយយើងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមរំលឹកថា កាលពីថ្ងៃទី ១២កក្កដា ឧទ្ធម្ភាគចក្រមួយគ្រឿង និងអ្នកបើកបរពីរនាក់ ដែលកំពុងហោះហើរក្នុងភារកិច្ចវឹកហ្វឺនបានបាត់ការទាក់ទង នៅម្តុំជួរភ្នំក្រវ៉ាញ។

មួយថ្ងៃក្រោយមក បេសកកម្មស្វែងរុករកបានចាប់ផ្តើម ប៉ុន្តែសកម្មភាពរុករកបានប្រើពេលវេលាអស់រយៈពេល ១០ថ្ងៃ មកដល់ថ្ងៃទី២៣ កក្កដា នេះ នៅមិនទាន់ឃើញមានតំរុយទិសដៅណាមួយដែលអាចនាំឆ្ពោះទៅរកឃើញនៅឡើយទេ។

បើយោងតាមរយៈ លិខិតស្តីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក។

ឧទ្ធម្ភាគចក្រZ-9 លេខ MH912 នេះ មានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាត់ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡប់មកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។ ប៉ុន្តែឧទ្ធម្ភាគចក្រនេះ បានបាត់ការទាក់ទងនៅម្តុំភ្នំក្រវ៉ាញ។

សូមបញ្ជាក់ដែរថា ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រដែលបាត់ដំណឹងនេះ នៅតែបន្តសកម្មភាព ដែលធ្វើឡើងដោយកម្លាំងយោធភូមិភាគទី៥ នៃអគ្គបញ្ជាការកងទ័ពជើងគោក ក្រសួងការពារជាតិ រួមទាំងអាជ្ញាធរខេត្តពោធិ៍សាត់ ដែលជាម្ចាស់ភូមិសាស្ត្រក៏បានចូលរួមគាំទ្រដោយសហការជាមួយគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣