រុក្ខជាតិក្រៈថុម ដែលសង្ស័យធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះកាប់និងដុតបំផ្លាញចោល
ជីវ័ន - ០៥ កក្កដា ២០២៤
image

រុក្ខជាតិក្រៈថុម ដែលសង្ស័យធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះកាប់និងដុតបំផ្លាញចោល

បន្ទាយមានជ័យ៖ រយៈពេល 4ទៅ5ថ្ងៃ រហូតមកដល់ថ្ងៃទី04 ខែកក្ដដា ឆ្នាំ2024 គេឃើញសមត្ថកិច្ច អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរក្រុងប៉ោយប៉ែត ចុះកាប់និងដុតបំផ្លាញដើមរុក្ខជាតិ ក្រៈថុម និងហាមមិនអោយផលិតបន្ត និងហាមមិនឲ្យមានការដាក់តាំងលក់ តែអាជ្ញាធរ នៅមិនទាន់បានបញ្ចេញនូវព័ត៌មានច្បាស់ការនៅឡើយទេ ពាក់ព័ន្ធនិងផលប៉ះពាល់របស់រុក្ខជាតិមួយនេះ ដោយរងចាំលទ្ធផលធ្វើការពិសោធន៍សិន។

ពាក់ព័ន្ធនិងបញ្ហានេះ គេឃើញមានអាជ្ញាធរចម្រុះទាំងខេត្ត ក្រុង ចុះដល់ទីតាំងស្ងោរស្លឹកក្រៈថុម ដើម្បីធ្វើជាភេសជ្ជៈ ដាក់ដប នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើចរាចរណ៍លក់ដូរនៅក្រុងប៉ោយប៉ែត ដែលមានអ្នកទិញ មានទាំងប្រជាពលរដ្ឋខ្មែរ និងបរទេសនិយមយកទទួលទាន ថាជំនួយកម្លាំង និងបាត់ងងុយដេក។

ដោយឡែកតាមការលើកឡើងរបស់ប្រជាពលរដ្ឋវិញបាននិយាយថា រុក្ខជាតិស្លឹកក្រៈថុមនេះ អាចបណ្តាលឲ្យញៀន និងធ្វើឲ្យប៉ះពាល់សុខភាព ដែលលើកឡើងប្រៀបធៀប ប្រដូចជាមួយរុក្ខជាតិកញ្ឆាជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងថា ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះដល់ទីតាំងផលិតទឹកស្លឹកក្រៈថុមមួយចំនួន ដើម្បីធ្វើការផ្អាកមិនអោយមានការផលិតបន្តទៀតនោះទេ ហើយកម្លាំងរបស់រដ្ឋបាលក្រុង បានធ្វើណែនាំ ដាក់កម្លាំងតាមគោលដៅ ហាមមិនឲ្យមានការចែកចាយលក់ដូរបន្តទៀតផងដែរ ដោយរងចាំលទ្ធផលពីមន្ទីរពិសោធន៍ពីគុណភាពនៃការផលិតទឹកក្រៈថុមនេះសិន៕ (សៅនៅ)

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣