ពលរដ្ឋជាង១០០នាក់ ជួបជុំគ្នាលើកប៉ាដាថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ផ្អាកការអនុវត្តសាលដីការបស់ តុលាការកំពូល
សៅ នៅ - ២៤ មេសា ២០២៤
image

បន្ទាយមានជ័យ៖ ពលរដ្ឋជាង១០០នាក់ ជួបជុំគ្នាលើកប៉ាដាថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍ផ្អាកការអនុវត្តសាលដីការបស់ តុលាការកំពូល ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តំណាងប្រជាពលរដ្ឋបានប្រាប់ថា៖ មូលហេតុដែលពួកគាត់ជួបជុំគ្នាដែលមានប៉ាដាពាក្យស្លោក អគុណសន្តិភាព និងមានរូបសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំកំពូល និងប្រមុខរាជរដ្ឋបាលដែលបានជួយអន្តរាគមន៍អោយផ្អាកការអនុវត្តសាលដីការរបស់តុលាការកំពូល ដែលត្រូវអនុវត្តនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដែលស្ថិតភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តំណាងបានបញ្ជាក់ថា៖ ក្រោយទទួលដីការសម្រេចអោយអនុវត្តលេខ៖ ២៩៣ ពស.អវង/២៣សាលាដំបូងខេត្តបន្ទាយមានជ័យដែលបានឃើញសាលដីការលេខ៣០៧ ឆ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ របស់តុលាការកំពូលដែលមានការបញ្ជាក់ស្ថាពរដោយពាក្យសុំអនុវត្តដោយបង្ខំរបស់ម្ចាស់បំណុលឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល។ ដែលដីទំនាស់នេះតាំងពីឆ្នាំ២០០៨ អូសបន្លាយរហូត២០២៤ មិនទាន់ នឹងដោះស្រាយចេញវាមានរយៈពេល១៦ឆ្នាំមកហើយរវាងប្រជាពលរដ្ឋ១២៣គ្រួសារ មានដីជាង១៦០ក្បាលដី ហើយដីនេះប្រជាពលរដ្ឋបានទិញពីឈ្មោះ ជា ខេង កាលពីឆ្នាំ២០០៩ និងឈ្មោះ ហង្ស ម៉ៅ ឆ្នាំ២០១២និង២០១៣លើផ្ទៃដី១៤ហិកតាដែលនៅសល់ប្រមាណ៧ហិកតា។

ប្រជាពលរដ្ឋបានលើកឡើងថា៖ កាលអំឡុងឆ្នាំ២០០៨, ឈ្មោះ ជា ខេង ទំនាស់ដីធ្លីជាមួយឈ្មោះ ហេង ពៅ និង សាយ សុធុល លើផ្ទៃដី១៤ហិកតា លើទីតាំងទំនាស់ខាងលើ។ ក្រោយមកទៀតប្រជាពលរដ្ឋមួយចំនួនបានទិញដីពីឈ្មោះ ជាខេង ដោយមិនដឹងថាដីនោះជាដីទំនាស់ អស់មួយចំនួន។ ប្រជាពលរដ្ឋបញ្ជាក់ថា នៅឆ្នាំ២០០៨ លោក ហេង ពៅ និងសាយ សុធុល បានលក់ផ្តាច់ទៅអោយឈ្មោះ លោក ហង្ស ម៉ៅ តាមកិច្ចសន្យាលក់ផ្តាច់លេខ១២៨០ ឃប៉ប៉ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៨ របស់រដ្ឋបាលសង្កាត់ប៉ោយប៉ែត។ បន្ទាប់មកទៀត លោក ហង្ស ម៉ៅ នៅបន្តប្តឹងជាមួយឈ្មោះ ជា ខេង រហូតដល់ឆ្នាំ២០១១ លោកឈ្មោះ ហង្ស ម៉ៅ បានឈ្នះក្តីនៅសាលាដំបូងខេត្តបន្ទាយមានជ័យ និងបានសះជា ជាមួយប្រជាពលរដ្ឋដែលបានទិញដីពីឈ្មោះ ជា ខេង រួចហើយដែរ។ ចំពោះដីមួយចំនួន ដែលនៅសល់ពីការសះជា ត្រូវបានលោក ហង្ស ម៉ៅ ពុះល្វែងលក់ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋដែលបានទិញនោះ ក៏បានលក់បន្តគ្នា ផងដែរ។

តំណាងពលរដ្ឋបញ្ជាក់បន្ថែមថា៖ ក្រោយមកទៀតស្រាប់តែមានចេញលិខិតលេខ ៦១៤ ស.ជ.ណ.មយ ចុះថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលធ្វើឲ្យប៉ះពាល់ដល់ដីប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីពិតប្រាកដទាំ១៦០ក្បាលដី ស្នើនិង១២៣គ្រួសារ។ កន្លងទៅថ្មីៗនេះ តំណាង របស់ឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល បានប្តឹងលោក ហង្ស ម៉ៅ និងគ្រោងអនុវត្តសាលដីការបស់តុលាការកំពូលនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តែត្រូវថ្នាក់ដឹកនាំកំពូលអោយសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការផ្អាកការអនុវត្តន៍ជាបណ្តុះអាសន្នសិន ទើបប្រជាពលរដ្ឋជាង១០០នាក់ តំណាង១២៣គ្រួសារ ជួបជុំគ្នាលើកប៉ាដាថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល។

គួររំលឹកថា៖ ដីទំនាស់កើតឡើងរយៈពេល១៦ឆ្នាំ មកហើយដំបូងមានផ្ទៃដី១៤ហិកតា ត្រូវបានកាត់ជាតំបន់រដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ផ្ទៃដីជាង៦ហិកតា ដោយដោះស្រាយគោលនយោបាយត្រឹមត្រូវនៅសល់ពេលនេះជាង ៧ហិកតា ដែលមានចំនួន១៦០ ក្បាលដី ដែលគ្រប់គ្រងដោយប្រជាពលរដ្ឋចំនួន១២៣គ្រួសារ៕

(សៅ នៅ)

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣