ផឹកស្រវឹងទៅដកបង្គោលដែកបំពាក់មេក្រូរលំលើខ្សែរភ្លើង ឆក់ស្លា.ប់ ៣នាក់
ចាន់ បញ្ញា - ១២ មីនា ២០២៤
image

ខេត្តបាត់ដំបង ៖ យុវជន៣នាក់ ត្រូវចរន្តអគ្គិសនីឆ្លងឆក់ស្លា.ប់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ មីនា (ពាក់កណ្ដាលអធ្រាត្រ) នៅក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីមួយកន្លែង នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ នៅពេលដែលពួកគេស្រវឹង ហើយព្យាយាមដកដែកបំពង់ទីប ដែលបំពាក់មេក្រូ តែបានរលំលើខ្សែភ្លើងស្រាតរបស់រដ្ឋនៅលើដងផ្លូវ ទើបធ្វើឱ្យទុស្សេឆ្លងចរន្តឆក់ស្លាប់តែម្ដង ។

តាមរយៈរបាយការណ៍អធិការស្រុកសង្កែ លោក យ៉ុត តុងហូ បានឱ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ នោះមាន ១-ឈ្មោះ សត់ គឹមសឿន ភេទប្រុស អាយុ១៨ឆ្នាំ (អ្នកស៊ីឈ្នួលចាក់មេក្រូ) ២-ឈ្មោះ ឆុង សារឿន ហៅជែម ភេទប្រុស អាយុ១៦ឆ្នាំ (មកជាមួយគ្នា) និង៣-ឈ្មោះ បោន សំរិត ភេទប្រុស អាយុ១៦ឆ្នាំ (មកជាមួយគ្នា) ពួកគេរស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ
លោកបានប្រាប់ថា ជនរងគ្រោះបាននាំគ្នាទៅចាក់មេក្រូក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីឱ្យគេនៅចំណុចភូមិ ឃុំកើតហេតុខាងលើ ហើយនៅពេលយប់ក៏មានកម្មវិធីផឹកស៊ីរាំលែងកម្សាន្ត ។ ពេលចប់កម្មវិធីក្រុមជនរងគ្រោះ ដែលស្ថិតក្នុងភាពស្រវឹងផង បាននាំគ្នារើសម្ភារៈគ្រឿងបំពងសំឡេង និង ធុងបាស់ទាំងកណ្ដាលយប់ ក៏បណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ ។

បើតាមសាក្សីបាននិយាយថា នៅពេលកំពុងរុះរើគ្រឿងបំពងសំឡេង គេឃើញយុវជនម្នាក់បានព្យាយាមស្រាយទម្លាក់មេក្រូពីលើបង្គោលបំពង់ដែកទីបដែលមានប្រវែង១២ម៉ែត្រ ហើយបានផ្ដួលបំពង់ទីបនោះមកដី តែចៃដន្យខ្លួនស្រវឹងផងទប់មិនជាប់ ស្រាប់តែរលំទៅលើខ្សែភ្លើងស្រាត ដែលមានតុងស្យុងខ្ពស់នៅលើបង្គោលភ្លើងរបស់រដ្ឋ ទើបបណ្ដាលឱ្យទុស្សេឆក់ប្រកាច់ភ្លាមៗ ។ ឃើញដូច្នេះ យុវជនពីរនាក់ទៀតបានចូលទៅជួយទាញក៏ត្រូវចរន្តភ្លើងឆក់ស្លាប់ទាំងបីនាក់ជាបន្តបន្ទាប់​តែម្ដង៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣