បុគ្គលិក និងកម្មករ ប្រកាសជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ធីមឃែរ បាយអូថេក (ខេមបូឌា)ឯ.ក ចូលខ្លួនដោះស្រាយបញ្ហាជៀសវាងលក់សម្ភារៈក្នុងឃ្លាំង ដើម្បីទូទាត់ប្រាក់ឈ្នួល
Panha - ០៨ មីនា ២០២៤
image

ភ្នំពេញ ៖ បុគ្គលិក និងកម្មករដែលបម្រើការងារនៅក្រុមហ៊ុន ធីមឃែរ បាយអូថេក (ខេមបូឌា)ឯ.ក ដំណើរការផលិតជី និងផលិតផលគីមីកសិកម្ម សូមប្រកាស និងទុករយៈពេល៧ថ្ងៃឱ្យតំណាងក្រុមហ៊ុន ជាពិសេស អ្នកស្រី ហុង សាវរិន្ទ ដែលជាម្ចាស់ក្រុមហ៊ុនតែម្ដង ចូលខ្លួនមកដោះស្រាយបញ្ហាជាបន្ទាន់ ជៀសវាងឈានដល់ការសម្រេចលក់សម្ភារៈដែលមាននៅក្នុងឃ្លាំង ដើម្បីទូទាត់ប្រាក់ឈ្នួលបុគ្គលិក និងកម្មករ ដែលខកខានតាំងពីអំឡុងខែមិថុនា ឆ្នាំ២០២៣ មកម្ល៉េះ។

នៅក្នុងសេចក្ដីជូនដំណឹងដែលអង្គភាពសារព័ត៌មាន CAN (CAM ASIA NEWS) ដែលទទួលបានដោយមានចុះហត្ថលេខា និងស្នាមមេដៃរបស់អ្នកតំណាងបុគ្គលិក និងកម្មករដែលមិនទាន់ទទួលបានការទូទាត់ប្រាក់ឈ្នួលពីក្រុមហ៊ុនខាងលើនេះបានឱ្យដឹងថា ក្រុមហ៊ុន ធីមឃែរ បាយអូថេក (ខេមបូឌា)ឯ.ក ដែលមានម្ចាស់ឈ្មោះ ហុង សាវរិន្ទ ភេទស្រី សញ្ញាតិខ្មែរ មានអាសយដ្ឋាននៅផ្ទះលេខ B01 (ជាន់ទី២) ផ្លូវបេតុង ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែមានទីតាំងឃ្លាំងផលិត និងរក្សាទុក ស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សេចក្ដីប្រកាស និងជូនដំណឹងដដែលនេះបានឱ្យដឹងទៀតថា ក្រុមហ៊ុន ធីមឃែរ បាយអូថេក (ខេមបូឌា)ឯ.ក មានសកម្មភាពអាជីវកម្មចម្បង អាហរ័ណ នីហរ័ណ (ជី និងផលិតផលគីមីកសិកម្ម) សម្រាប់ចែកចាយ និងលក់ក្នុងស្រុក ប៉ុន្តែចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ រហូតមក ក្រុមហ៊ុន និងឃ្លាំងដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះបានបិទទ្វារមិនដំណើរ និងមិនទាន់ទូទាត់ប្រាក់ឈ្នួល រួមជាមួយនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករចំនួន ១៣ នាក់ ហើយបន្តរហូតមកដល់ពេលបច្ចុប្បន្ននៅមិនទាន់ដំណោះស្រាយនៅឡើយ បើទោះជាតំណាងបុគ្គលិក និងកម្មករ ព្យាយាមជូនដំណឹង និងទុកពេលឱ្យក្រុមហ៊ុនដើម្បីដោះស្រាយតាមសម្រួលក្រោមកិច្ចសម្របសម្រួលពីក្រុមការងារអន្តរាគមន៍ និងដោះស្រាយទី២ ចំណុះក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ចំនួន៤លើក ក៏ដោយ។

ដោយឡែក ចំពោះការសម្រេចប្រកាសជូនដំណឹង និងទុកពេលបន្តរយៈពេល៧ថ្ងៃសម្រាប់តំណាងក្រុមហ៊ុនឱ្យចូលខ្លួនមកដោះស្រាយបញ្ហា ជៀសវាងលក់សម្ភារដែលមាននៅក្នុងការិយាល័យ និងឃ្លាំង ដើម្បីប្រមូលប្រាក់ទូទាត់ថ្លៃឈ្នួលបុគ្គលិក និងកម្មករចំនួន១៣នាក់នេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំស្វែងរកដំណោះស្រាយករណីក្រុមហ៊ុនខាងលើនេះលើកទី៤ ក្រោមការដឹកនាំប្រជុំពីសំណាក់ឯកឧត្តម វង្ស សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មការដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅគ្រប់មុខសញ្ញានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (អ.គ.ក.ប)កាលពីថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយក្រោមកិច្ចជួយសម្របសម្រួលពីគណៈកម្មការដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅគ្រប់មុខសញ្ញានៃក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ទាំង៤លើក គឺមិនមានវត្តមាន និងកិច្ចសហការពីតំណាងរបស់ភាគីក្រុមហ៊ុនចូលរួមនោះទេបើទោះជាមានការជូនដំណឹង និងអញ្ជើញពីក្រុមការងារតំណាងក្រសួងការងារចុះទៅដល់ទីតាំងឃ្លាំងក៏ដោយ។

ដោយឡែក ចំពោះការទុករយៈពេល៧ថ្ងៃ សម្រាប់តំណាងភាគីក្រុមហ៊ុនចូលខ្លូនដោះស្រាយបញ្ហា ជៀសវាងការសម្រេចលក់ឡាយឡុងសម្ភារៈដែលមាននៅក្នុងការិយាល័យ និងឃ្លាំង ត្រូវគិតចាប់ពីថ្ងៃជូនដំណឹងជាសាធារណៈក្រោយបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះជាកំហិត ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣