រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការក្តៅដោយបញ្ជាឲ្យពង្រឹងការគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខជាតិ ហើយក៏ព្រមានបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីនគរបាលរូបណា ដែលឲ្យអាវុធដល់អ្នកដទៃខ្ចី ។
ថ្លែងក្នុងពិធីបូកសរុបលទ្ធត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា «មកដល់ម៉ោងនេះកងកម្លាំងនគរបាលទាំងអស់ មិនប្រើប្រាស់អាវុធខុសច្បាប់ទៀតនោះទេ តែបើមានប្រើប្រាស់អាវុធខុសច្បាប់ ឬមួយមិនមានការអនុញ្ញាត ឬឲ្យសំបុត្របេសកកម្ម និងអាវុ.ធទៅឲ្យអ្នកដទៃខ្ចី ខ្ញុំគិតថា មិនចាំបាច់ទុកក្នុងក្របខណ្ឌអ្វីទៀតនោះទេ គប្បីបណ្តេញចេញភ្លាមតែម្តង ពីព្រោះកាំភ្លើ.ងនេះមិនធម្មតានោះទេ កាលណាយកទៅ គឺយកទៅធ្វើអ្វីខុសអាចនឹងសម្លា.ប់គេបាន អាចនឹងប្រើប្រាស់ទៅលើអ្វីផ្តេសផ្តាស់បានស្រេចតែចិត្ត អញ្ចឹង!ហើយការងារនេះ សូមឲ្យមើល (គ្រប់ស្នងការនគរបាលរាជធានី-ខេត្ត)»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យពិនិត្យមើលចំពោះអ្នកយាមតាមបណ្តាក្រុមហ៊ុនធំៗផងដែរ ខណៈសព្វថ្ងៃនេះអគ្គស្នងការដ្ឋាននគរបាលបានប្រមូលអ្នកដែលយាមតាមបណ្តាក្រុមហ៊ុនបានមួយចំនួនធំៗហើយ នៅសល់តែបន្តិចបន្ទួចទេ តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ពីព្រោះអាវុធជាតិផ្ទុះនេះសំខាន់ណាស់ ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ចាប់ពីពេលនេះតទៅមិនត្រូវធ្វេសប្រហែសតទៅទៀតនោះឡើយ ។
ជាមួយគ្នានោះទាក់ទងនឹងស្លាក់លេខឡាននគរបាលវិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានព្រមានខ្លាំងៗផងដែរ ដោយ ឯកឧត្តម បានធ្វើការដាស់តឿនដល់មន្ត្រីនគរបាលទាំងអស់ ដែលប្រើប្រាស់ស្លាកលេខឡាននគរបាលខុសរឿង ត្រូវតែបញ្ឈប់ភ្លាម ខណៈឡាននគរបាលខ្លះជិះទៅធ្វើការនៅក្នុងកាស៊ីណូ និងខ្លះទៀតចតនៅមុខខារ៉ាអូខេជាដើមនោះ៕