ព្រះសីហនុ៖ លោកស្រី តាំង វិជ្ជនី ជាម្ចាស់រសតមួយកន្លែងមានឈ្មោះ ឃ្វីនផាមរីសត មានក្បាលដីលេខ 18010406-0150 និង18010406-0151 ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ទីតាំងរបស់គាត់បានរងការខូចខាត (ប្រេះស្រាំ បាក់ស្រុត) នូវបន្ទប់ស្នាក់នៅដែលកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ពោលគឺមិនអាចចូលទៅប្រើប្រាស់ ឬទទួលភ្ញៀវឲ្យចូលស្នាក់នៅបានឡើយ។
ក្នុងបទសម្ភាសន៍លោកស្រីបានឲ្យដឹងថា បន្ទប់ និងទីតាំងមួយចំនួនផ្សេងទៀតមានការ ប្រេះស្រាំ បាក់ស្រុតហែកចេញពីគ្នានេះ គឺបន្ទាប់ពីសកម្មភាពរបស់ក្រុមហ៊ុនការដ្ឋានសាងសង់នេះចាប់មានសកម្មភាពជីកដី បុកគ្រិះទាំងយប់ទាំងថ្ងៃនាចុងឆ្នាំ២០២៣មក រហូតឈានដល់ចំនុចមួយដែលព្រួយបារម្មណ៍ខ្លាំងបំផុតចំពោះការបាក់ស្រុតនេះ។
ក្រោយពីឃើញសភាពបែបនេះលោកស្រី តាំង វិជ្ជនី ក៏បានសុំឲ្យខាងក្រុមហ៊ុនសាងសង់ជួសជុលអគាររបស់គាត់ដូចដើមវិញ ប៉ុន្តែដោយមានការមិនទុកចិត្តខាងសំណង់ លោកស្រីសុំធ្វើកិច្ចសន្យាកក់លុយជៀសវាងគាត់សាងសង់សំណង់រួចហើយមិនទទួលខុសត្រូវក្នុងការជួសជុលអគារ លុះក្រោយពេលដែលគាត់ជួសជុលរួចរាល់លុយកក់ទាំងប៉ុន្មាននឹងប្រគល់វិញគ្រប់ចំនួនមិនយកមួយសេននោះទេ។ ស្តាប់លឺលក្ខខណ្ឌនោះហើយខាងសំណង់បានប្រាប់ថាគាត់បានប្រាប់ថាថ្នាក់លើមិនមានដំណោះស្រាយទេ ចង់ប្ដឹងទៅណាក៏ប្ដឹងទៅគេស្គាល់អ្នកធំច្រើនណាស់គ្មានអ្នកណាហ៊ានប៉ះពាល់ខាងសំណង់គេនោះទេ។ ដោយមិនសុខចិត្ត លោកស្រីបានទៅដាក់បណ្តឹងនៅរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។
ក្រោយដាក់ពាក្យបណ្តឹងលោកស្រី ស្នើរសុំ និងសង្ឃឹមយ៉ាងខ្ពស់ថា អាជ្ញាធរពាក់ព័ន្ធនឹងឆាប់មានចំណាត់ការជួយចុះអន្តរាគមន៍ និងដោះស្រាយជុំវិញបញ្ហាដែលបានកើតឡើងអស់ជាច្រើនខែនេះ។
សូមបញ្ជាក់ថានេះគ្រាន់តែជាការលើកឡើងវិភាគីរងគ្រោះតែប៉ុណ្ណោះ ចំណែកឯភាគីខាងម្ចាស់ការដ្ឋានសាងសង់ក្រុមការងារអង្គភាពសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងដើម្បីសួរនាំ ក៏ប៉ុន្តែទំនាក់ទំនងមិនទាន់បាន។
ជុំវិញបញ្ហាខាងលើនេះបើយោងតាមការបញ្ជាក់ពី លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការ អន្តរវិស័យខេត្តព្រះសីហនុ បានឲ្យអង្គភាពសារព័ត៌មាន យើងដឹងនៅរសៀល ថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ២០២៤នេះថា ពាក់បណ្តឹងខាងលើ រូប លោកទើបតែបានទទួលកាលពីម្សិលមិញនេះថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ហ្នឹងទេតែយ៉ាងណាក៏ដោយ លោកនឹងសុំគោលការណ៍បន្តទៅ លោក អភិបាលរងខេត្តទទួលបន្ទុក ដើម្បីដឹកនាំក្រុមការងារចុះត្រួតពិនិត្យនៅទីតាំងខាងលើក្នុងពេលខ្លីខាងមុខនេះ៕