ខេត្តកំពត បានធ្វើការតម្លើងស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ3 ពីភ្នំពេញមកខេត្តកំពត ដោយមានទំហំធំបួនជ្រុង ដែលអាចឲ្យអ្នកធ្វើដំណើរមើលឃើញពីចម្ងាយបានច្បាស់ល្អ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤។
លោកស្នងការបានបញ្ជាក់ទៀតថា៖ នៅពេលចុះបាញ់ល្បឿន ប្រសិនបើមន្ត្រីចរាចរណ៏របស់លោកណាម្នាក់លបលួចបាញ់ល្បឿនពីក្នុងឡានពីក្នុងកម្ពតព្រៃខុសពីគោលការណ៏ណែនាំរបស់លោក សូមថតអោយបាន លោកនិងអនុវត្តវិន័យកងកំលាំងនគរបាលជាតិចំពោះបុគ្គលដែលប្រព្រឹត្តខុស ។
ចំពោះការអនុវត្តិទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវជាតិ មានការគាំទ្រយ៉ាងពេញទំហឹង ដែលកន្លងមកតែងតែមានការជជែកវែកញែក ក៏ដូចជាការរិះគន់ខ្លាំងៗ ចំពោះស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខនានាក្នុងប្រទេសកម្ពុជា ដែលមានទំហំតូចពេក, កំណត់ទីតាំងមិនច្បាស់លាស់, កំណត់ល្បឿនមិនត្រឹមត្រូវ និងជាពិសេស សមត្ថកិច្ចមួយចំនួនលួចពួនបាញ់ល្បឿន ដែលធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ មានការព្រួយបារម្ភ និងមិនពេញចិត្ត ចំពោះសកម្មភាពទាំងនេះ
សូមបញ្ជាក់ថា ការតម្លើងស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ3 មាន ០៣ គោលដៅ ។
១. គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។
២. គោលដៅទី ០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។
៣. គោលដៅទី ០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133) ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត៕