បាត់ដំបង៖ កាលពីថ្ងៃទី១៤.០២.២០២៤ វេលាម៉ោង២៣នឹង០០នាទីយប់ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីឃាតកម្មគិតទុកជាមុន សម្លាប់មនុស្សដោយប្រើអាវុធកាំបិតផ្គាក់ បង្កឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ឃន ចំរើន ហៅ ងិត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមនុស្សប្រើប្រាស់គ្រឿងញៀន បែកថ្នាំ បានយកកាំបិតផ្គាក់ កាប់ទៅលើ ជនរងគ្រោះឈ្មោះ សោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណៈពេលជនរងគ្រោះកំពុងអង្គុយលេងក្រោមផ្ទះមិត្តភ័ក្រ្ត ត្រូវជនសង្ស័យលបមកកាប់ត្រូវចំសៀតផ្កា លើត្រចៀកខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុកម្លាំងអធិការដ្ឋានបានស្រាវជ្រាវស៊ើបអង្កេត លុះដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៧,៥០នាទីព្រឹក នៅចំណុចក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងអន្តរាគមន៍ បានបើកប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ។ បច្ចុប្បន្នកម្លាំងអធិការដ្ឋានបាននឹងកំពុងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕