តាកែវ៖ កុមារាកំព្រាម្ដាយតាំងពីអាយុ ៣ឆ្នាំ រហូតមកដល់ពេលនេះអាយុ១២ ឆ្នាំ ត្រូវរងទុក្ខវេទនាដោយសារតែ ឪពុកចិត្តតិរច្ឆានបែកថ្នាំ ប្រើអំពើហឹង្សាមកលើកូនបង្កើតខ្លួនឯង ស្ទើរស្លាប់.ស្ទើររស់ ស្ទើតែរៀងរាល់ថ្ងៃ បណ្តាលឲ្យមានស្លាកស្នាមរបួស មានជាំ ដំបៅខ្នង បាក់ដៃស្តាំ និងហើមក្បាលផ្នែកខាងស្ដាំ ក្នុងសភាពរបួសធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្ត គួរឲ្យខ្លោចផ្សា។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១.៤៥នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ករណីហិង្សាដ៏ឃោឃៅនេះ នៅទីតាំងកើតហេតុខាងលើ ។
បើតាមការបញ្ជាក់របស់លោក វរ:សេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន លោកបានចាត់កំម្លាំងចុះទៅ ទីតាំងកើតហេតុ និងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យ ដែលកំពុងរត់គេចខ្លួន យកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់។ លោកបន្តថា៖ លុះរហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងស្រាវជ្រាវ សហការជាមួយកម្លាំងចម្រុះ បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ខណៈដែលជនសង្ស័យកំពុងតែរត់ពួនសម្ងំ ខ្លួននៅចំណុចភូមិសាស្រ្តជើងភ្នំដំរីរមៀល ស្ថិតនៅឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ៕