ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០២និង១០នាទី រំលងអធ្រាត្រ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានទទួលព័ត៌មានថា នៅចំណុចផ្លូវលំមួយកន្លែងជិតសណ្ឋាគារឌីឌីម៉ាក១ ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក្មេងស្ទាវ ០២ក្រុម មានគ្នាប្រហែលជា ២០នាក់ បង្កជម្លោះដេញវ៉ៃគ្នា ដោយប្រើកាំបិតដំបងដុំថ្ម បណ្តាលឲ្យមានជនរងគ្រោះ ០១នាក់ រងរបួសជាទម្ងន់ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាយល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់កន្លែងកើតហេតុ តែជនសង្ស័យបានចាកចេញបាត់អស់ ។
ដោយមានបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នឹងមានការសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញខេត្តបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង០៦និង០០នាទី ព្រឹក ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុចផ្ទះជួលមួយកន្លែង ដែលនៅម្តុំកន្លែងកើតហេតុ និងបាននាំយកភាគីខាងជនរងគ្រោះចំនួន ០៣នាក់ ភេទប្រុស ជនជាតិខ្មែរ មកធ្វើការសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។
ចំពោះជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយជនរងគ្រោះរងរបួសក្បាលធ្ងន់ធ្ងរ ទើបក្រុមគ្រួសារជនរងគ្រោះបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវ ហើយត្រូវបានក្រុមគ្រួសារយកសពទៅតំកល់នៅផ្ទះ ដែលមានទីតាំងស្ថិតនៅ ភូមិស្រែព្រៃ ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីរៀបចំធ្វើបុណ្យ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕