បន្ទាយមានជ័យ៖ មន្ត្រីធនធានទឹក និងឧតុនិយមខេត្តថាបិទទ្វារទឹកទុកសម្រាប់បង្កបង្កើនផលស្រូវ តែប្រជាពលរដ្ឋថាទឹកនៅលិចប៉ះពាល់នៅឡើយ រហូតដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ។ លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖នៅពេលមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចាត់មន្ត្រីចុះបិទទ្វារទឹកគ្រប់សំណង់ដើម្បីរក្សាទឹកទុកសម្រាប់បង្កបង្កើនផលស្រូវប្រដេញទឹក ទោះជាទឹកមិនទាន់ស្រកអស់នៅឡើយសុខចិត្ត អោយមានទឹកក្នុងស្រែប្រសើរជាងគ្មានទឹកក្នុងស្រែ។ លោកបានបញ្ជាក់ថា៖ មន្ទីរជំនាញបានសិក្សាហើយមុន និងបិទទ្វារសំណង់គ្រប់សំណង់នៅខេត្តបន្ទាយមានជ័យ ដើម្បីរក្សាទឹកទុក បើសិនជាខ្វះទឹកបង្កបង្កើនផលស្រូវ រឺធ្វើស្រែពិតជាលំបាកអាចប្រជាកសិករដណើ្តមទឹកគ្នាប្រឈមមានទំនាស់ ព្រោះរឿងដណ្តើមទឹកធ្លាប់កើតមានកន្លងមកហើយ។ បើសិនជាខ្វះទឹកទៅសុំបើកពីផ្នែកខាងលើពិតជាលំបាក ព្រោះទឹកមានតម្រូវការដូចគ្នា ទើបមន្ត្រីជំនាញសម្រេចបិទទ្វារទឹកទុកត្រៀមបម្រុងសម្រាប់បង្កបង្កើនផលស្រូវរបស់ប្រជាកសិករ។ ប្រជាពលរដ្ឋបានប្រាប់ថា៖ នៅពេលនេះប្រជាពលរដ្ឋនៅជាប់ដងស្ទឹងមានឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ឃុំបត់ត្រង់ និងឃុំមួយចំនួនទៀតនៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ទឹកជំនន់មិនទាន់ស្រកអស់នៅឡើយទេ ផ្ទះនិងផ្លូវមួយចំនួនប្រជាពលរដ្ឋនៅប្រឈមលិចទឹកនៅឡើយ ហើយពលរដ្ឋដែលត្រូវជម្លៀសមិនទាន់ទៅនៅផ្ទះសម្បែងបានផង ហេតុអ្វីមន្ត្រីជំនាញបិទទឹកធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជួបការលំបាកដោយទឹកជំនន់នៅលិចផ្ទះសំបែង និងលិចផ្លូវនៅឡើយ សូមមន្ត្រីជំនាញពិចារណាឡើងវិញ៕
ដោយ៖ សៅ នៅ