បន្ទាយមានជ័យ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួចកាបូប និងទូរសព្ទដៃប្រជាពលរដ្ឋទៅមើលតាំងពិព័រណ៌វេទិកាសួនមានជ័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា៖ ជនសង្ស័យ២នាក់មាន១.ឈ្មោះ អង់ ម៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ ២.ឈ្មោះ ទូច លីជ្រុយ ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នៅវេទិកាសួនមានជ័យស្ថិតភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នៅក្នុងពិធីតាំងពិព័រណ៌ផលិតផល ភូមិមួយផលិតផលមួយ នៅសួនមានជ័យ ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចកាបូប និងទូរសព្ទដៃស្ត្រីរងគ្រោះឈ្មោះ ចៅ ស៊ាវម៉ី អាយុ៣០ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ ក្រោយទទួលបណ្តឹងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ បានរឹបអូសបានម៉ូតូ១គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព និងយកបានមកវិញកាបូប និងទូរសព្ទ ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសាកសួរធ្វើតេស្តមានសារធាតុញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ និងសម្ភារៈយកបានមកវិញប្រគល់ជូនម្ចាស់៕
ដោយ៖ សៅ នៅ