ករណីឃាត់ខ្លួនលោកផ្កាយពីរ វ៉ាន់​ កុសល និងបក្ខពួក មិនមែនពាក់ព័ន្ធគ្រឿងញៀននោះទេ គឺពាក់ព័ន្ធបទកំហែងយកលុយចំនួន ៣​ម៉ឺន​ដុល្លារ​
Roth - ១០ វិច្ឆិកា ២០២៣
image

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានលើកឡើងថាៈ ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្ខពួក​ ៤​នាក់ ​ទៀត​ មិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​! ប៉ុន្តែ​ពាក់ព័ន្ធ​បទល្មើស ​កំហែង​យក​លុយពីជនសង្ស័យគ្រឿងញៀនចំនួន ៣ម៉ឺនដុល្លារ ជាថ្នូរនឹងដោះលែងវិញ។

តាម​ដំណើររឿង នៅ​ពាក់​កណ្ដាលខែ​តុលា​ ឆ្នាំ​២០២៣​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ស្នើសុំ​គោលការណ៍​ពីលោកឧត្ដមសេនីយ៍​ឯក​ ឃីង​ សារ៉ាត់​ ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដើម្បីចុះបង្ក្រាប​ជនជាតិ​ចិន សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ ។ លុះចាប់​ឃាត់ខ្លួន​បានជនជាតិ​ចិនទាំងនោះគ្មាន​ភស្តុតាង​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទេ​។ បន្ទាប់​ពី​ឆែកឆេរ​គ្មាន​ភស្តុតាងបទល្មើស​គ្រឿងញៀន​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បានសុំគោលការណ៍​លោក​ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដើម្បីអនុញ្ញាត​អោយ​ពួកគេត្រលប់​ទៅវិញ​ ដោយលោក​ប្រធានមន្ទីរបាន​ឯក​ភាព​តាមការ​ស្នើសុំ​ តែ​មិនបាន​អោយលោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ យកលុយ​ជនជាតិ​ចិននោះឡើយ។ តែផ្ទុយទៅវិញលោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ទាមទារ​លុយ​ពី​ជនជាតិ​ចិនទាំងនោះ​ចំនួន ​៣​ម៉ឺន​ដុល្លារ​ ជាថ្នូរ​នឹងការ​ដោះលែង​ ដោយទៅយកលុយ​ដល់​ធនាគារ​ថែមទៀត​ផង​។

ជនជាតិ​ចិនទាំងនោះ បន្ទាប់​ពី​ប្រគល់​លុយអោយទៅ​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ និង​បក្ខពួក​រួចហើយ​ ពួកគេ​ក៏​ប្ដឹង​មកថ្នាក់ដឹកនាំក្រសួង​មហាផ្ទៃ​ ដើម្បី​ទាមទារ​រកយុត្តិធម៌​។

បន្ទាប់ពីមានការប្តឹងពីភាគីចិន មន្រ្តីជំនាញបានធ្វើការចុះស្រាវជ្រាវ និងពិនិត្យភស្តុតាងជាក់ស្តែង រហូតឈានដល់ការ​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ និង​បក្ខពួក​៤​នាក់ទៀត​ ក្នុងបទល្មើស​”កំហែង​យ​ក​” លុយចំនួន ៣​ម៉ឺន​ដុល្លារ​ ពីជនជាតិចិន៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣