អន្តរជាតិ៖ នៅក្នុងរយៈពេល១០ថ្ងៃ ដែលអ៊ីស្រាអែលចាប់បើកប្រតិបត្តិការយោធាតាមផ្លូវគោកចូលទឹកដីហ្កាហ្សា កងទ័ពអ៊ីស្រាអែលអះអាងថាខ្លួន វាយប្រហារទៅលើគោលដៅរបស់ក្រុមភេរវនិយមជាង ២៥០០កន្លែង។ គិតចាប់តាំងពីប្រកាសសង្រ្គាមសងសឹកក្រុមហាម៉ាសប៉ាឡេស្ទីន អ៊ីស្រាអែលបើកការវាយប្រហារទៅលើផ្ទាំងស៊ីបជាង ១២០០០ ដែលអ៊ីស្រាអែលចាត់ទុកជាជំរក ទីតាំងប្រយុទ្ធរបស់ពួកហាម៉ាសក្នុងទឹកដីហ្កាហ្សា។ កម្លាំងប្រដាប់អាវុធហាម៉ាសវិញបានបញ្ចេញខ្សែវីដេអូកាន់តែច្រើននៅប៉ុន្មានថ្ងៃមកនេះ ដែលបង្ហាញការប្រយុទ្ធនៅក្នុងទីក្រុងហ្កាហ្សា និងជោគជ័យរបស់ពួកគេក្នុងការបាញ់បំផ្លាញរថក្រោះរបស់កងទ័ពអ៊ីស្រាអែល។
អ៊ីស្រាអែលទទួលស្គាល់ថាសង្រ្គាមហ្កាហ្សានឹងមានរយៈពេលវែង និងលំបាកនៅចំពោះមុខសត្រូវដូចជាក្រុមហាម៉ាសដែលបានប្រុងប្រៀប ត្រៀមខ្លួននិងមានគោលដៅច្បាស់លាស់។ នៅក្នុងសមភូមិប្រយុទ្ធនៅក្នុងទឹកដីហ្កាហ្សា ក្រុមហាម៉ាសមានកម្លាំងខ្លាំងទាំងផ្នែកតាក់ទិក និងយុទ្ធសាស្រ្ត បើប្រៀបធៀបនឹងកងទ័ពអ៊ីស្រាអែល ព្រោះថា ហ្កាហ្សាជាតំបន់ដែលក្រុមហាម៉ាសគ្រប់គ្រង និងស្គាល់ដូចបាតដៃ។ ទាហានរបស់ក្រុមហាម៉ាសស្គាល់គ្រប់កន្លុកកន្លៀត គ្រប់ផ្លូវសម្រាប់ដាក់អន្ទាក់មីន និងរង់ចាំលួចវាយប្រហាររថក្រោះកងទ័ពអ៊ីស្រាអែល។ បន្ទាប់មកទៀតគឺរូងក្រោមដីរបស់ក្រុមហាម៉ាស ដែលជាឧបសគ្គ បង្កបញ្ហាឈឺក្បាលសម្រាប់កងទ័ពអ៊ីស្រាអែល។
តំបន់ហ្កាហ្សាមានបង្កប់ដោយផ្លូវក្រោមដី ឬរូងក្រោមដីច្រើនជាន់ និងខ្វាត់ខ្វែងរាប់សិបគីឡូម៉ែតដែលជីកដោយពួកហាម៉ាស។ ពួកហាម៉ាសប៉ាឡេស្ទីនចាប់សាងសង់ផ្លូវរូងក្រោមដីនៅពេលពួកគេចូលកាន់អំណាចគ្រប់គ្រងដែនដីហ្កាហ្សានៅឆ្នាំ២០០៧។ ឆ្នាំ២០០៧ ក៏ជាឆ្នាំដែលអ៊ីស្រាអែលបានសម្រេចបិទខ្ទប់ការចេញចូលក្នុងតំបន់ហ្កាហ្សាទាំងមូល ដើម្បីដាក់ពិន័យលើក្រុមហាម៉ាស។ ផ្លូវរូងក្រោមដីដែលកងទ័ពអ៊ីស្រាអែលដាក់ឈ្មោះថា មេត្រូហ្កាហ្សាជាសំណង់ដ៏រឹងមាំប្រើដោយបេតុង និងមានប្រវែងសរុបប្រមាណ៥០០គីឡូម៉ែត្រ នោះបើទោះបីជាផ្ទៃដីរបស់ហ្កាហ្សាមានតែ៣៦០គីឡូម៉ែត្រការ៉េ ជាមួយប្រវែងបណ្តោយតែ៤០គីឡូម៉ែត្រក្តី។ ខ្វាត់ខ្វែង កាច់ចុះ កាច់ឡើង រូងក្រោមដីរបស់ពួកហាម៉ាសត្រូវបានសង់ឡើងជាច្រើនជាន់ ដោយកន្លែងខ្លះមានជម្រៅទៅក្នុងដី រហូត៨០ម៉ែត្រ។
ដំបូងឡើយ ពួកហាម៉ាសបានប្រើផ្លូវរូងក្រោមដីនេះជាមធ្យោបាយគេចជៀសវិធានការបិទខ្ទប់របស់អ៊ីស្រាអែល ដើម្បីដឹកជញ្ជូននាំចូលផលិតផលសព្វសារពើ ពីប្រទេសអេហ្ស៊ីបចូលហ្កាហ្សា ពិសេសស្បៀងសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សា។ ទន្ទឹមគ្នានេះ ផ្លូវក្រោមដីដដែលនេះក៏ត្រូវពួកហាម៉ាសប្រើដើម្បីដឹកនាំចូលគ្រឿងសព្វាវុធ និងសារធាតុផ្ទុះគ្រប់ប្រភេទ។ ផ្លូវរូងក្រោមដីក្នុងតំបន់ហ្កាហ្សាមិនត្រឹមបណ្តាញផ្លូវសម្ងាត់របស់ក្រុមហាម៉ាសសម្រាប់ទំនាក់ទំនង ការដឹកទំនិញ ដឹកអាវុធ និងនាំមនុស្សចេញចូលហ្កាហ្សាជាមួយទឹកដីអេហ្ស៊ីបតែប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានពួកហាម៉ាសប្រើសម្រាប់ជាមូលដ្ឋានទ័ព មានបន្ទប់ស្នាក់នៅ បន្ទប់ប្រជុំ និងជាកន្លែងផលិតអាវុធ ទីតាំងស្តុកអាវុធរបស់ពួកហាម៉ាស។
ក្រៅពីជីកសំដៅទៅអេហ្ស៊ីប សម្រាប់ធ្វើជាផ្លូវលួចដឹកទំនិញ និងសព្វាវុធចូលទឹកដីហ្កាហ្សា ពួកហាម៉ាសក៏បានលួចជីករូងក្រោមដីសំដៅទៅខ្សែព្រំដែនអ៊ីស្រាអែលដែរ។ ក្នុងឆ្នាំ ២០១៣ កងទ័ពអ៊ីស្រាអែលបានរកឃើញផ្លូវក្រោមដីប្រវែង ២គីឡូម៉ែត្រកន្លះដែលជីកចេញពីក្រោមដីហ្កាហ្សាចូលទៅក្នុងដែនដីអ៊ីស្រាអែល។ នៅក្នុងសង្រ្គាមអ៊ីស្រាអែល ហាម៉ាសឆ្នាំ ២០១៤ ពួកហាម៉ាសបានប្រើរូងក្រោមដីដើម្បីឆ្លងចូលទៅក្នុងទឹកដីអ៊ីស្រាអែល និងសម្លាប់បានទាហានអ៊ីស្រាអែល១១នាក់។ គេជឿថា ក្រុមហាម៉ាសបានប្រើផ្លូវរូងក្រោមដីសម្ងាត់ដែលខ្លួនជីកចូលទៅក្នុងទឹកដីអ៊ីស្រាអែល សម្រាប់បញ្ជូនទាហានទៅបាញ់សម្លាប់ប្រជាជនស៊ីវិលអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។
នៅក្នុងប្រតិបត្តិការវាយលុកជើងគោកចូលភាគខាងជើងហ្កាហ្សា ដែលអ៊ីស្រាអែលចាត់ទុកជាទីតាំងយោធារបស់ពួកហាម៉ាស កងទ័ពអ៊ីស្រាអែលបង្ហាញច្រកផ្លូវរូងក្រោមដីដែលស្ថិតនៅក្នុងអគារមួយកន្លែងក្នុងទីក្រុងហ្កាហ្សា។ ឆ្លើយតបនឹងកំហឹងរិះគន់ដោយសារកងទ័ពអ៊ីស្រាអែលវាយប្រហារបំផ្លាញ មន្ទីរពេទ្យ និងជំរំជនភៀសខ្លួនដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ក្នុងទឹកដីហ្កាហ្សា អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានចេញមកបកស្រាយថា អ៊ីស្រាអែល បានដៅវាយប្រហាររាល់ទីតាំងដែលមានវត្តមានលាក់ខ្លួនរបស់ក្រុមហាម៉ាស ឬទីតាំងដែលក្រុមហាម៉ាសប្រើសម្រាប់វាយប្រហារទៅលើកងទ័ពអ៊ីស្រាអែល ដែលនៅក្នុងនោះមានតាំងពីមន្ទីរពេទ្យ សាលារៀន ឬជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនៅហ្កាហ្សា។ ជាមួយភស្តុតាងសំឡេងឆ្លើយឆ្លងរបស់ប្រជាជនរស់នៅក្នុងទឹកដីហ្កាហ្សា អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបង្ហាញថា ក្រុមហាម៉ាសសាងសង់រូងក្រោមដីសម្រាប់ធ្វើជាទីបញ្ជាការដ្ឋានទ័ពរបស់ខ្លួន នៅពីក្រោមអគារមន្ទីរពេទ្យ និងមានផ្លូវចេញចូលនៅទីនោះ។ សម្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ច្បាស់ណាស់ថា ក្រុមហាម៉ាសគឺជាក្រុមឆ្កួតលីលាដែលសាងសង់ទីតាំងយោធានៅពីក្រោមមន្ទីរពេទ្យ ដើម្បីបានជា ខែលការពារខ្លួនពីការដៅវាយប្រហាររបស់យន្តហោះអ៊ីស្រាអែល។
នៅក្នុងសង្រ្គាមជាមួយកងទ័ពអ៊ីស្រាអែល ក្រុមហាម៉ាសយករូងក្រោមដីសម្រាប់បម្រើប្រយោជន៍ពីរ។ ទី១ប្រយោជន៍យុទ្ធសាស្រ្តយោធា និងទី២សម្រាប់លាក់ទុកចំណាប់ខ្មាំង ដែលក្រុមហាម៉ាសទាញយកប្រយោជន៍ជាថ្នូរចរចាពីអ៊ីស្រាអែល។
ដោយបង្កើតប្រព័ន្ធរូងក្រោមដីដ៏ប្រទាក់ក្រឡាក្រោមទីក្រុងហ្កាហ្សា ដែលមានអគារស្នាក់នៅ មន្ទីរពេទ្យ សាលារៀន ក្រុមហាម៉ាសយកប្រជាជនប៉ាឡេស្ទីន ដែលរស់នៅក្នុងទីក្រុងហ្កាហ្សាជាចំណាប់ខ្មាំង។ អ៊ីស្រាអែលធ្លាប់បានចោទប្រកាន់ក្រុមហាម៉ាសជាច្រើនដងបានចាប់បង្ឃាំង ប្រជាជនប៉ាឡេស្ទីនមិនឲ្យចាកចេញពីទីក្រុងភាគខាងជើងហ្កាហ្សា ក៏ព្រោះតែពួកហាម៉ាសមានផែនការយកប្រជាជនប៉ាឡេស្ទីនធ្វើខែលការពារ ឬបង្កាទប់ស្កាត់កុំឲ្យអ៊ីស្រាអែលចេះតែហ៊ានវាយប្រហារលើទីតាំងប្រជាជនស៊ីវិល។ ម្យ៉ាងដោយបង្កើតច្រកចេញចូលរូងក្រោមដី ឬលាក់ខ្លួននៅក្នុងអគារស្ថាប័នរបស់ប្រជាជនស៊ីវិលដែលហាម៉ាសយកធ្វើជាខែលរបស់ខ្លួន ក្រុមហាម៉ាសបានលេសទម្លាក់កំហុសលើអ៊ីស្រាអែលដែលបើកការវាយប្រហារសម្លាប់ប្រជាជនស៊ីវិល។
គេអាចនិយាយបានថា ថ្វីបើអ៊ីស្រាអែលនិយាយការពារខ្លួន ដោយលើកហេតុផលថា មន្ទីរពេទ្យ សាលារៀនមានបង្កប់រូងក្រោមដី ឬទីស្នាក់ការយោធារបស់ហាម៉ាស ប៉ុន្តែរូបភាពមនុស្សស្លាប់ រណូករណែល ដែលភាគច្រើនជាប្រជាជនស៊ីវិល កុមារប៉ាឡេស្ទីន ចង់ ឬមិនចង់បានធ្វើឲ្យអ៊ីស្រាអែលស្អុយកេរ្តិ៍ឈ្មោះ ត្រូវគេស្អប់ រិះគន់ពេញពិភពលោក។ នៅពេលអ៊ីស្រាអែលរងការចោទប្រកាន់កាន់តែខ្លាំងថា ជាអ្នកសម្លាប់ប្រជាជនស៊ីវិលប៉ាឡេស្ទីន ក្រុមហាម៉ាសជាអ្នកទទួលជ័យជំនះ ព្រោះថារូបភាពប្រជាជនស៊ីវិល ជាពិសេសកុមារស្លាប់ក្នុងថ្លុកឈាមដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនឹងធ្វើឲ្យពិភពលោកភ្លេច មិនចាប់អារម្មណ៍ទង្វើរបស់ក្រុមហាម៉ាស ប៉ុន្តែសម្រុកថ្កោលទោសអ៊ីស្រាអែល។ សម្រាប់អ៊ីស្រាអែល ក្រុមហាម៉ាសជាក្រុមប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមតាំងពីដំបូងទី ព្រោះក្រុមនេះយកប្រជាជនប៉ាឡេស្ទីនធ្វើចំណាប់ខ្មាំង ខែលការពារខ្លួនដោយមិនខ្វល់ពីអាយុជីវិតរបស់ប្រជាជនប៉ាឡេស្ទីន ដោយបានសាងសង់រូងក្រោមដី ទីតាំងយោធារបស់ខ្លួននៅពីក្រោមទីក្រុងហ្កាហ្សាទាំងមូលដែលណែនតាន់តាប់ដោយអគាររស់នៅ មន្ទីរពេទ្យ ផ្សារ សាលារៀន។
ដោយសាររូងក្រោមដីរបស់ពួកហាម៉ាស ប្រតិបត្តិការយោធាជើងគោករបស់អ៊ីស្រាអែលនៅក្នុងទឹកដីហ្កាហ្សាភាគខាងជើងបានឈានចូលដល់ដំណាក់កាលមួយដែលកងទ័ពអ៊ីស្រាអែលត្រូវប្រយុទ្ធនឹងសត្រូវមកពី៣ទិស។ មួយមកពីខាងដំបូលអគារ ឬដ្រូនដែលពួកហាម៉ាសបញ្ជារបញ្ជូនទម្លាក់គ្រាប់បែកពីលើ។ មួយទិសទៀតចេញពីក្នុងអគារបាក់បែក។ និងចុងក្រោយគឺទាហានហាម៉ាសដែលលបឡើងចេញពីរូងក្រោមដីដើម្បីវាយប្រហារទីតាំងទ័ពជើងគោករបស់អ៊ីស្រាអែល។
រូងក្រោមដីជាមធ្យោបាយដ៏មានប្រសិទ្ធិភាពដែលក្រុមហាម៉ាសមាននៅក្នុងដៃសម្រាប់តទល់នឹងកម្លាំងទ័ពរបស់អ៊ីស្រាអែលដែលបំពាក់ដោយឧបករណ៍ សព្វាវុធទំនើបបំផុតក្នុងលោក។ ក្រៅតែពីជាជំរកការពារខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែល ទាហានហាម៉ាសប្រើរូងក្រោមដីសម្រាប់ដឹកជញ្ជូនអាវុធ ពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បីរៀបចំការវាយប្រហារដោយមិនឲ្យកងទ័ពអ៊ីស្រាអែលដឹងខ្លួនមុន។ ដោយសារតែពួកហាម៉ាសប្រើយុទ្ធសាស្រ្តវាយគេហើយរត់ ចូលច្រកមួយទៅ ទៅចេញច្រកមួយផ្សេងទៀតយ៉ាងដូច្នេះ អ៊ីស្រាអែលពិបាកនឹងវាយតបតវិញណាស់។ ម្យ៉ាងដោយសារតែអ៊ីស្រាអែលនៅមិនទាន់មានសមត្ថភាពចាប់សញ្ញា សំគាល់ច្រកចូលរូងក្រោមដីរបស់ហាម៉ាស ដែលអាចមានច្រើនពាន់ នៅគ្រប់កន្លែង មិនថានៅក្នុងក្រុង ឬនៅវាលខ្សាច់ ដីព្រៃ។
វីដេអូមួយចំនួនដែលក្រុមហាម៉ាសផ្សព្វផ្សាយថ្មីៗនេះបង្ហាញសកម្មជនហាម៉ាសលបៗចេញពីរូងក្រោមដី ទៅបាញ់បំផ្ទុះរថក្រោះរបស់អ៊ីស្រាអែល មុននឹងរត់ត្រលប់ចូលរូងក្រោមដីវិញ។
តម្រិះជិះកឯងសម្រាប់អ៊ីស្រាអែល។ ក្រុមហាម៉ាសសាងសង់ផ្លូវរូងក្រោមដី ក៏ដោយសារតែអ៊ីស្រាអែលបិទខ្ទប់ការចេញចូលលើដីទៅក្នុងតំបន់ហ្កាហ្សា។ ឥលូវនេះដល់វេនដែលអ៊ីស្រាអែលត្រូវឈឺក្បាលដោយសារតែបញ្ហាផ្លូវរូងក្រោមដីរបស់ពួកហាម៉ាស ដែលអ៊ីស្រាអែលខ្លួឯងជាអ្នកជំរុញឲ្យកើតមានរូបរាងឡើង។ ជាមួយរូងក្រោមដីប្រទាក់ក្រឡាដូចសំបុកពីងពាង ប្រវែង៥០០គីឡូម៉ែត្រ ការវាយកម្ទេចបំផ្លាញទាំងស្រុងរូងក្រោមដីរបស់ពួកហាម៉ាសជាការងារដ៏ស្មុគស្មាញយ៉ាប់យ៉ឺនដែលកងទ័ពអ៊ីស្រាអែលមិនងាយនឹងសម្រេចបាន។ ក្នុងករណីដែលក្រុមហាម៉ាសបន្តសំងំធ្វើសង្រ្គាមវាយឆ្មក់ចេញពីរូងក្រៅ ដែលធ្វើឲ្យសង្រ្គាមអូសបន្លាយយូរ ហើយគ្មានអ្នកណារងគ្រោះក្រៅពីប្រជាជនស៊ីវិលឡើយ៕
ប្រភព៖ RFI