សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ស្ថាប័ននានា, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា, អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា, អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍ស្តីពីការសាងសង់អគារថ្មីទីស្តីការក្រសួងមហាផ្ទៃ គោរពជូនសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គពិធីជ្រាបថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល១ឆ្នាំ ៣៦០ថ្ងៃ នៅលើផ្ទៃដីទំហំសរុប ៥០៩,៥៣៩ម៉ែត្រការ៉េ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងតាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមហាផ្ទៃគ្រប់លំដាប់ថា្នក់ សូមថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រចំពោះសម្តេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តើម និងស្នើឱ្យមានការសិក្សា ព្រមទាំងការអនុញ្ញាតឱ្យមានការសាងសង់អគារថ្មីទីស្តីការក្រសួងមហាផ្ទៃ ដែលលេចចេញជារូបរាងនាពេលនេះ។
ទន្ទឹមនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់ ក្នុងការដឹកនាំក្រសួងមហាផ្ទៃ នាពេលកន្លងមក សម្តេចក្រឡាហោម ស ខេង បានដឹកនាំសម្រេចបានជោគជ័យលើការងារមួយចំនួន ដែលរួមមាន ៖ បានដឹកនាំការងារអត្តសញ្ញាណកម្ម ការងារចូលសញ្ជាតិ ការងារអន្តោប្រវេសន៍ ការងារជនភៀសខ្លួន និងកាងារពន្ធនាគារទទួលបានលទ្ធផលល្អ ក្នុងនោះសម្តេចក្រឡាហោម បានសម្របសម្រួលក្នុងការជម្រុញ កំណែរទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឍការ មកប្រើប្រព័ន្ធតាមបែបប្រជាធិបតេយ្យវិមជ្ឍការ និងវិសហមជ្ឍការ ដែលពង្រឹងសិទ្ធិអំណាចការទទួលខុសត្រូវ និងទទួលបានមុខងារ ធនធានកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងភាពម្ចាស់ការ ការងារក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអភិវឌ្ឍសាធារណៈ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ឱ្យស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមសហគមន៍នានាទូទាំងប្រទេស។ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា សម្តេចក្រឡាហោម បានដឹកនាំតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ និងចុះបញ្ជីគណៈបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ដើម្បីធានាការការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ សំដៅចូលរួមជំរុញ លើកកម្ពស់សិទ្ធិ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការពង្រឹងនិតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍បន្តថា ផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរជាមួយអង្គការអន្តរជាតិ និងប្រទេសក្នុងតំបន់ សកលលោក ចូលរួមយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការលាងសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា ការចូលរួមប្រយុទ្ធប្រឆាំងការរីកសាយភាពនៃអាវុធមហាប្រល័យ ការប្រែប្រួលអាកាសធាតុ កំណែទម្រង់ថ្នាក់ក្រោមជាតិ និងការងារនានាជាច្រើនទៀតដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏ដូចជា ថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងមហាផ្ទៃ ដែលសម្រេចបានជោគជ័យលើការងារសាងសង់សំណង់អគារដ៏វិចិត្រនេះ ស្រប់តាមលំនាំស្ថាបត្យកម្ម ទាំងបែបខ្មែរបុរាណ និងតាមបែបទំនើប។ សម្តេចមហាបវរធិបតី ក៏បានកោតសរសើរដល់ក្រុមសំណង ក៏ដូចជា ស្ថាបត្យករទាំងអស់ បានខិតខំប្រឹងប្រែងសាងសង់អគារមួយនេះ ស្រប់តាមតម្រូវការរបស់ប្រទេសជាតិ ក្នុងការពង្រីកសេវាសាធារណៈដែលក្រសួងមហាផ្ទៃ ដើរតួនាទីយ៉ាងសំខាន់។
សម្តេចមហាបវរធិបតី បន្ដថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃនេះ គឺជាមរតកមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលផ្តួចផ្តើមសាងសង់ដោយ សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងការគាំទ្ររបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី។ សម្ដេចធិបតី សង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នឹងបន្ដបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពវីជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបេសកម្មរបស់ខ្លួន។ សម្តេចមហាបវរធិបតី បន្ថែមថា ជាមួយសមិទ្ធផលទាំងនេះ តាងនាមឱ្យក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល សម្ដេចធិបតី បានបញ្ជាក់ជូនប្រជាពលរដ្ឋនូវការប្ដេជ្ញាចិត្តក្នុងការបម្រើដល់ប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព ឱ្យស័ក្តិសមទៅនឹងសេចក្ដីទុកចិត្ត និងការស្រលាញ់របស់ប្រជាពលរដ្ឋ ចំពោះរាជរដ្ឋាភិបាល។ លើសពីនេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក៏បានជំរុញកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ គឺត្រូវតែបន្ត ហើយត្រូវតែសម្រួចនូវអ្វីដែលនៅសេសសល់ ត្រូវខិតខំដុសខាត់ឱ្យបានល្អ។ សម្តេចធិបតី បន្តថា ពិតណាស់អ្វីដែលថ្មី គឺមិនប្រាកដថា វាល្អអត់ខ្ចោះនោះទេ ហើយមិនអាចកាត់ផ្ដាច់សេវាថ្នាក់ជាតិភ្លាម ទម្លាក់ទៅដល់ថ្នាក់ក្រោមនោះទេ ត្រូវមានដំណាក់កាល នៃការផ្ទេរដែលវាត្រូវការពេលវេលា និងនីតិវិធីច្បាស់លាស់។
បន្ទាប់ពីបានសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនជូនដល់អង្គពិធីរួមមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធីបតីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំនៃក្រុមហ៊ុនទទួលសិទ្ធិសាងសង់អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃចំនួន៧រូប។ បន្ទាប់មកទៀត សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញចុះហត្ថលេខាទុកជាប្រវត្តិសាស្ត្រដ៏ធំធេងទុកនៅលើសៀវភៅក្រាំងមាសរបស់ក្រសួងមហាផ្ទៃ ផងដែរ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរអារម្ភកថាទុកជាប្រវត្តិសាស្ត្ររៀបរាប់អំពីដំណើរការនៃការសាងសង់អគារទីស្តីការថ្មីក្រសួងមហាផ្ទៃនេះ ដោយសម្តេចក្រឡាហោម បានរៀបរាបថា អគារនេះត្រូវបានសាងសង់ឡើងដើម្បីធ្វើជាការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមហាផ្ទៃ ក្នុងបេសកកម្មបំរើជាតិមាតុភូមិ តាមតួនាទី ភារកិច្ចរបស់ខ្លួន។
សូមជម្រាបជូនថា អគារថ្មីនេះត្រូវបានសាងសង់នៅលើទីតាំងអគារទីស្តីការចាស់(អគារA) ក្នុងបរិវេណនៃក្រសួងមហាផ្ទៃ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារទីស្តីការថ្មីនេះ បានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង។ សំណង់ស្ថាបត្យកម្ម សំណង់អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ត្រូវបានសាងសង់ឡើងមានរាងបួនជ្រុងទ្រវែង មានបណ្តោយ ១៥៣ម៉ែត្រ ទទឹង ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ម៉ែត្រការ៉េ ហើយអាចផ្ទុកមនុស្សបានសរុបចំនួន ៦,០៥១នាក់ សម្រាប់ចំណតរថយន្តអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។ ប្លង់ស្ថាបត្យកម្មអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្មក្លាស៊ិក រចនាប័ទ្មខ្មែរ សាងសង់អំពីគ្រឿងបង្គុំបេតុង ជញ្ជាំងឥដ្ឋ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បុកចំនួន ៥ យកលំនាំតាមប្រាសាទអង្គរវត្តកំពូលប្រាំ កម្ពស់ ១១៨ម៉ែត្រ និងមានលំហសួនច្បារនៅចំកណ្តាលអគារចំនួន ៣។
សំណង់នេះអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ ដោយស្ថាបត្យករ បានគិតគូរយ៉ាងហ្មត់ចត់អំពី ពន្លឺ ខ្យល់ធម្មជាតិ ចេញ ចូល គ្រប់គ្រាន់ប្រកបដោយផាសុកភាព ព្រមទាំងបានរំលេចពណ៌ស ស្ទើរពេញផ្ទៃអគារ លើកលែងតែខ្លោងទ្វារមុខប្រើប្រាស់ថ្មម៉ាបធម្មជាតិពណ៌មង្ឃុត និងបានបញ្ចូលក្បាច់ផ្កាចន្ទន៍ រួមទាំងដំបូលបុស្បុកប្រក់ក្រឿងស្រកាលិញ ស័ក្តិសមជាកន្លែងធ្វើការសម័យទំនើប។ បន្ថែមលើសពីនេះអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ Building Management System (BMS) ដែលអាចត្រួតពិនិត្យលើបច្ចេកទេសទាំងអស់ ទាំងប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធសន្តិសុខជាដើម។ អគារទីស្តីការថ្មីនេះ មានមុខងារប្រើប្រាស់ ជាកន្លែងធ្វើការងាររដ្ឋបាលប្រមូលផ្តុំ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គនាយដ្ឋាន-អង្គភាព ដែលមានឋានៈស្មើ ព្រមទាំងគណៈកម្មាធិការជាតិ, គណៈកម្មការក្រសួងមហាផ្ទៃ, លេខាធិការដ្ឋាន និងនាយកដ្ឋានជំនាញ ជាច្រើនផងដែរ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ