រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព “ការត្រៀមអនុវត្តសាកល្បងគន្លងអប់រំថ្មី ឆ្នាំសិក្សា២០២៥-២០២៦” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។
តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។ ក្រសួងនឹងសាកល្បងអនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យគោលដៅមួយចំនួន ក្នុងនោះរួមាន វិទ្យាល័យដែលមានអគារធនធាន, វិទ្យាល័យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍, គ្រឹះស្ថានសិក្សាអប់រំបច្ចេកទេស , វិទ្យាល័យស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស។
ដើម្បីធានាបាននូវការអនុវត្តគន្លងអប់រំថ្មីនៅមធ្យមសិក្សាទុតិយភូមិ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្រសួងអប់រំ យុវជន នឹងកីឡា បាននិងកំពុងរៀបចំកិច្ចការអាទិភាពមួយចំនួន រួមមាន៖ ការរៀបចំសេចក្តីណែនាំប្រតិបត្តិក្នុងការអនុវត្តគន្លងអប់រំថ្មី, ប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ជាពិសេសគ្រឹះស្ថានសិក្សាគោលដៅ, កំណត់គ្រឹះស្ថានសិក្សាគោលដៅដែលត្រូវអនុវត្តគន្លងអប់រំថ្មី, ពិនិត្យនិងរៀបចំកម្មវិធីសិក្សាតាមគន្លងអប់រំនីមួយៗ, រៀបចំផែនការសកម្មភាពការអនុវត្តគន្លងអប់រំថ្មី, ពិនិត្យនិងរៀបចំធនធានមនុស្សនិងគ្រូបង្រៀនដើម្បីអនុវត្តគន្លងអប់រំថ្មី, កសាងផែនការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្តគន្លងអប់រំថ្មី, រៀបចំហេដ្ឋារចនាសម្ព័ន្ធ បំពាក់សម្ភារៈ និងបរិក្ខារបច្ចេកទេសគាំទ្រដល់ដំណើរការបង្រៀននិងរៀន, ការចុះគាំទ្រសាលារៀនក្នុងការអនុវត្តគន្លងអប់រំថ្មី។
បន្ទាប់ពីស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពការងារការត្រៀមអនុវត្តសាកល្បងគន្លងអប់រំថ្មី រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញ ដើម្បីអនុវត្តបន្ត ដូចជា៖ សូមប្រមូលធាតុចូលពីកិច្ចពិភាក្សានេះ ដើម្បីបន្តកែលម្អផែនការសកម្មភាពអនុវត្តគន្លងថ្មីឱ្យមានប្រសិទ្ធភាព, រៀបចំគម្រោងថវិកាសម្រាប់ដំណើរការឱ្យបានលម្អិត និងច្បាស់លាស់ ដោយផ្តោតលើតម្រូវការធនធានចាំបាច់ ដូចជាគ្រូបង្រៀន សៀវភៅសិក្សា និងថ្លឹងថ្លែងពីទំហំនៃការវិនិយោគ ឱ្យឆ្លើយតបនឹងផលដែលទទួលមកវិញ។ ពាក់ព័ន្ធនឹង វិធានការដើម្បីអនុវត្តគន្លងអប់រំថ្មីនៅតាមសាលារៀនគោលដៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារ ត្រូវពិនិត្យឡើងយន្តការបែងចែកគន្លងអប់រំ ជំនាញក្នុងការសាកល្បងអនុវត្តគន្លងអប់រំថ្មី ការរៀបចំកម្មវិធីតម្រង់ទិសការសិក្សា និងការចុះគាំទ្រសាលារៀនក្នុងការរៀបចំនិងអនុវត្ត៕
ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា