រាជធានីភ្នំពេញ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ បានអញ្ជើញចូលរួមបើកទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ លើកទី១៤ វិទ្យាសាស្ត្រថែទាំលើកទី៩ និងវេជ្ជសាស្ត្របុរាណចិនលើកទី៤ ឆ្នាំ២០២៥ ដែលរៀបចំនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងតាមរយៈប្រព័ន្ធ Zoom។
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់មន្ទីរពេទ្យ ដែលបានរួមសាមគ្គីគ្នាបំពេញភារកិច្ច ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមន្ទីរពេទ្យនាពេលកន្លងមក ក៏ដូចជាការរៀបចំអង្គទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំយ៉ាងទៀតទាត់ ក្នុងគោលដៅអភិវឌ្ឍចំពោះជំនាញ បទពិសោធន៍ការងារពិនិត្យ ព្យាបាល និងថែទាំជំងឺថ្មីៗ ជូនដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ និងគ្រប់ជំនាញ។
ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ថាប្រធានបទនៃអង្គសន្នីសិទស្តីពី ការពង្រឹងគុណភាពសេវា ពិនិត្យ ព្យាបាលទាំជំងឺ គឺមានសារៈសំខាន់ និងស្របទៅនឹងកាលៈទេសៈ ដែលអ្នកបម្រើសេវាសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ។ ដើម្បីទទួលនូវគុណភាពសេវា ពិនិត្យ ព្យាបាល និងថែទាំជំងឺគួរជាទីពេញចិត្តរបស់ប្រជាពលរដ្ឋ។ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់ជំនាញ ត្រូវមានចំណេះជំនាញថ្មីៗ ទាន់សម័យ និងគ្រប់ជ្រុងជ្រោយ រួមទាំងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គោរពនិយាម និងដែនកំណត់វិជ្ជាជីវៈ មានភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់វាគ្មិនជាតិ អន្តរជាតិ និងដែគូរអភិវឌ្ឍ ដែលឧបត្ថម្ភរៀបចំអង្គទិវានេះឡើង និងជូនពរឱ្យអង្គទិវានេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
គួរបញ្ជាក់ផងដែរថា ទិវាប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សាស្ត្រាចារ្យ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកមន្ទីរពេទ្យជាតិ តំណាងសកលវិទ្យាល័យផ្នែកសារធារណៈ និងឯកជន ព្រមទាំងមានការចូលរួមពីមន្ទីរពេទ្យខេត្តសម្ព័ន្ធមេត្រីភាព ពោធិ៍សាត់ កំពង់ឆ្នាំង និងបន្ទាយមានជ័យផងដែរ។
ប្រភព៖ ក្រសួងសុខាភិបាល