ក្រុមហ៊ុនប្រភេទផលិតបោកគក់សម្លៀកបំពាក់មួយកន្លែង បានបញ្ចេញសំណល់រាវចូលក្នុងប្រឡាយលូប្រាំ ត្រូវបានក្រសួងបរិស្ថាន និងស្នើឱ្យបញ្ឈប់ជាបន្ទាន់
Roth - ២១ សីហា ២០២៥
image

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានពិនិត្យឃើញមានទឹកពណ៌ខៀវក្រម៉ៅ និងមានក្លិនអូសាវែលហូរចេញពីលូចូលប្រឡាយលូប្រាំ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមហ៊ុន M.H FASHION (CAMBODIA) WASHING DYEING CO., LTD. ដែលជាក្រុមហ៊ុន ផលិតប្រភេទ បោកគក់សម្លៀកបំពាក់ នៅក្នុងមូលដ្ឋានខាងលើ មិនបានអនុវត្តច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវ ដោយបានបញ្ចេញសំណល់រាវចេញពីផលិតកម្មត្រូវបានបង្ហូរចូលអាងស្ដុក ទំហំ (2x15x2m) រួចបូមបង្ហូរតាមប្រព័ន្ធលូក្រោមដី រួចបញ្ជូនចូលទៅប្រឡាយលូប្រាំដោយផ្ទាល់។

ក្រុមការងារក្រសួងបរិស្ថាន បានយកសំណាកទឹក នៅទីតាំងទឹកលូហូរចូលប្រឡាយលូប្រាំ មកវិភាគនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានផងដែរ។ លើសពីនេះ ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមហ៊ុនបានដំណើរការចាប់តាំងពីឆ្នាំ២០២០ ហើយមិនបានអនុវត្តច្បាប់ត្រឹមត្រូវនោះទេ ក្នុងនោះគ្មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនៅឡើយ។

បន្ទាប់ពីរកឃើញករណីល្មើសខាងលើ ក្រសួងបរិស្ថាន បានកំណត់វិធានការផ្លូវច្បាប់ឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវជាបន្ទាន់ទោះរូបភាពណាក៏ដោយ និងត្រូវទទួលរងពិន័យអន្ដរការណ៍យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា៦៥៤ មាត្រា៦៦៨ និងអនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយសហការជាមួយក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ។ លើសពីនេះ ក្រុមហ៊ុនត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងផ្ដល់យោបល់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣