រថយន្តធំៗកំពុងបំផ្លាញផ្លូវបង្កឲ្យប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំណើរជួបការលំបាក រាប់ឆ្នាំនៅក្រុងប៉ោយប៉ែត
Roth - ០៦ វិច្ឆិកា ២០២៣
image

បន្ទាយមានជ័យ៖ រថយន្តធំៗកំពុងបំផ្លាញផ្លូវ បង្កឲ្យប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំណើរជួបការលំបាក រាប់ឆ្នាំនៅក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉េត។

ប្រជាពលរដ្ឋ លើកឡើងថា ការរស់នៅសព្វថ្ងៃគឺមានផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសខែវស្សាវិញ គឺមានភក់បែកស្អិតរមួត ខ្លះរអិលដូចខ្លាញ់ ទៅមុខមិនរួច បង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ និងអ្នកដំណើរ ។ ហើយបើខែប្រាំងវិញ គឺមានជង្ហុកធំៗដីហុយទាំងយប់ទាំងថ្ងៃដោយសារតែរថយន្តរបស់ក្រុបហ៊ុនក្រឡុកស៊ីម៉ង់ត៍ និងក្រុមហ៊ុនរថយន្តដឹកដី បើកឆ្លងកាត់ មិនតែប៉ុណ្ណោះនៅពេលយប់រថយន្តធំៗបានបើកបង្កសម្លេង រំខានមិនអាចសំរានបានឡើយ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅផ្លូវបំបែកជាបួនភូមិទួលប្រាសាទចំណុចក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍វិញមួយថ្ងៃៗបែកភក់វ៉ក់ហូរទឹកទាំងខែប្រាំង ខែវស្សា ធូលីស៊ីម៉ងត៍ ដីហ៊ុយ ប៉ះពាល់ដល់ការរស់នៅ និងសុខភាពប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ចំណែកផ្លូវខ្វាត់ខ្វែងជុំវិញភូមិវិញរាប់គីឡូម៉ែត្រ ជង្ហុកធំៗ ខូចខាតយ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋ បានបន្តទៀតថា ពួកគាត់មានការលំបាកខ្លាំងណាស់ព្រោះតែមានរថយន្តក្រឡុកស៊ីម៉ង់ត៍រថយន្តដឹកថ្មដឹកខ្សាច់ រថយន្តដឹកដី ដែលបង្កផលលំបាកយ៉ាងខ្លាំងសូម្បីតែក្មេងៗសិស្សានុសិស្សដែលជិះកង់ទៅរៀនក៏លំបាកដែរ ។ នៅពេលហូបបាយម្តងៗគឺមានដីហុយស្ទើតែហូបមិនកើតដូច្នេះគាត់សូមសុំណូមពរដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត មេត្តាជួយដល់កូនចៅផង ក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ឃើញថាលំបាករាប់ឆ្នាំមកហើយ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ផ្លូវនៅក្នុងភូមិទួលប្រាសាទពិតជាលំបាកមែនដោយសារមានរថយន្តធំៗឆ្លងកាត់នៅទីនោះច្រើន ធ្វើឲ្យមានជង្ហុកធំៗពិបាកធ្វើដំណើរ។ តែក្នុងនាមអាជ្ញាធរ ក៏ធ្វើជាប្រចាំ ឈូសឆាយចាក់ថ្មមិច ដើម្បីសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ក៏ប៉ុន្តែមួយរយៈនេះ ដោយសារខែវស្សាទើបតែកន្លងផុត ផ្លូវនៅខូចមានការលំបាក នៅពេលផ្លូវស្ងួតអាជ្ញាធរ នឹងចាប់ផ្តើមឈូសឆាយដាក់ថ្មមិចជូនពលរដ្ឋ។ ចំពោះការហ៊ុយខាងអាជ្ញាធរ និងចុះទៅអប់រំឲ្យក្រុមហ៊ុនទាំងនោះបាញ់ទឹកដើម្បីកុំឲ្យដីហ៊ុយប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋ៕

(សៅនៅ)

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣