កំពង់ស្ពឺ៖ ពិធីចុះកិច្ចព្រមព្រៀងអនុសញ្ញារួម រវាងសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក សម្រាប់អណត្តិទី២ ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងនាយកក្រុមហ៊ុន មីឡានណា ណា លេឌើរវែរ ព្រមទាំងមន្រ្ដីសហព័ន្ធសហជីព រដ្ឋបាល តំណាងកម្មករ តំណាងសហជីព និងប្រធានក្រុមជាច្រើនរូបធ្វើជាសាក្សីដឹងឮផងដែរ។
ឯកឧត្ដម លី វិចិត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ ដែលបានបន្តសហការក្នុងការចុះកិច្ចព្រមព្រៀងអនុសញ្ញារួម សម្រាប់អណត្តិទី២ នេះ ។ នេះបង្ហាញអំពីទំនាក់ទំនងការងារជាមួយគ្នាយ៉ាងល្អរវាងក្រុមហ៊ុន និងសហព័ន្ធសហជីព ទឹកចិត្តកម្មករកម្ពុជា ក្នុងគោលបំណងផ្តល់ការពារអត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រនេះឲ្យកាន់តែល្អប្រសើរឡើង។
ក្នុងឱកាសនោះលោក លី វិចិត្រ ក៏បានពន្យល់បន្ថែមអំពីអត្ថប្រយោជន៍នៃការធ្វើអនុសញ្ញារួមរវាងសហជីពដែលមានភាពជាតំណាងបំផុត ជាមួយក្រុមហ៊ុន គឺក្នុងគោលបំណងកសាងទំនាក់ទំនងជាដៃគូធ្វើការងារល្អ រវាងសហជីពកម្មករនិយោជិត និងនិយោជក ដើម្បីលើកកម្ពស់នូវល័ក្ខខ័ណ្ឌការងារ និងគោរពច្បាប់វិន័យ ហើយនេះជាការទទួលខុសត្រូវសម្រាប់ភាគីទាំងពីរផងដែរ។ ជាងនេះទៅទៀត អនុសញ្ញារួមសំដៅលើការលើកកម្ពស់ឱ្យមានប្រសិទ្ធភាពនៃការងារ និងកិត្ដិនាមរបស់ក្រុមហ៊ុនព្រមទាំងការពារនូវវិវាទការងារដែលអាចកើតមានឡើងនៅពេលអនាគត និងការពារផលប្រយោជន៍ស្របច្បាប់របស់គូភាគីទាំងសងខាង។
ជាចុងក្រោយ លោក លី វិចិត្រ ក៏បានចង្អុលណែនាំ និងតម្រង់ទិសបន្ថែមដល់ក្រុមការងារ ក៏ដូចជាមន្រ្តីរបស់សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ត្រូវតែស្វែងយល់ឲ្យច្បាស់អំពីប្រការទាំងឡាយដែលបានចែងក្នុង កិច្ចព្រមព្រៀងអនុសញ្ញារួមនេះ និងយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ទាំងមន្រ្តីសហជីព និងប្រធានរដ្ឋបាលរោងចក្រ គឺត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងពន្យល់ដល់បងប្អូនកម្មករ និយោជិតឲ្យបានច្បាស់លាស់អំពីសិទ្ធិការងារ និងអត្ថប្រយោជន៍ ដែលក្រុមហ៊ុនបានផ្តល់បន្ថែមល្អប្រសើរជាងមុនជូនដល់ពួកគាត់ ក្នុងករណីលក្ខខណ្ឌពិសេស ស្របតាមគោលការណ៍របស់ក្រុមហ៊ុន ដើម្បីជៀសវាងបញ្ហាកើតឡើង និងអាចក្លាយជាផលប៉ះពាល់ទៅវិញ បើសិនជាយើងមិនបានពន្យល់ដល់ពួកគាត់ឲ្យបានច្បាស់លាស់ចំពោះលក្ខខណ្ឌការងារ របស់ក្រុមហ៊ុនទេនោះ៕