សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC រៀបចំពិធីសូត្រមន្តលើករាសី សុំសិរីសួស្តី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
វិសាល - ០៩ មេសា ២០២៥
image

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការ រួមនិងក្រុមការងារទាំងអស់របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។

ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ រួមនិងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់។

សូមបញ្ចាក់ថា បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានរៀបចំពីធីពិសារអាហារសាមគ្គីរួមគ្នា យ៉ាងសប្បាយរីករាយផងដែរ ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានមានប្រសាសន៍ជាសារផ្តាំផ្ញើរដល់បងប្អូនកម្មករ-កម្មការិនី ជាពិសេសប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា ។ លោក គឹមសំណាង ក៏បានជម្រាបជូនអំពីគោលបំណងរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា នឹងត្រៀមរៀបចំវគ្គបណ្តុះបណ្តាលអំពីចំណេះដឹងផ្នែកសុខភាព និងសុវត្ថិភាពការងារ ដល់បងប្អូនសមាជិក សមាជិការ រួមទាំងបុគ្គលិក ក្រុមការងារ របស់សភាសម្ព័ន្ធសហជីព ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់មេត្តារក្សាភាពស្ងៀមស្ងាត់ កុំច្របូកច្របល់ចំពោះព័ត៌មានបំពុលសង្គមមួយចំនួន ផ្សព្វផ្សាយអំពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក មកលើកម្ពុជា ខណៈដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំយកចិត្តទុកដាក់ក្នុងការចចារជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយ ទៅនិងបញ្ហានេះ ។ លោក គឹម ចាន់សំណាង សូមឲ្យប្រជាពលរដ្ឋ ជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ហើយលោកក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលបានធ្វើការដោះស្រាយភ្លាមៗ និងឃើញថាថ្មីៗនេះ រដ្ឋបាលលោកដូណាល់ត្រាំ ក៏បានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់ ក្នុងការឆ្លើយតបចំពោះការបន្ធូបន្ថយពន្ធមកលើកម្ពុជាយើង ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣