ពិធីសំណេះសំណាល រួមនិងអាហារសាមគ្គី ជាមួយបងប្អូនក្រុមការងារ សារព័ត៌មាន ខេម អេស៊ា ញូវស៍ ដែលប្រព្រឹត្តិទៅនៅនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅស្នាក់ការរបស់អង្គភាពសារព័ត៌មាន ខេម អេស៊ា ញូវស៍ នាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីនេះក្រោមអធិបតីភាព ឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាលសារព័ត៌មាន ខេម អេស៊ា ញូវស៍ និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងបងប្អូនក្រុមការងារ CAN ជាច្រើនរូប ។
លោក យ៉ុន ម៉េងស្រ៊ន់ អគ្គនាយកសារព័ត៌មាន ខេម អេស៊ា ញូវស៍ បានលើកឡើងអំពីប្រវត្តិនៃការកកើតឡើងរបស់អង្គភាព CAN ដោយកាលនោះមានការផ្តួចផ្តើមឡើង ពីឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល រូបខ្ញុំបាទ និងបានចុះបញ្ជីជាផ្លូវការ ពីក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធនានា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោកបានឲ្យដឹងទៀតថា បន្ទាប់ពីចាប់ផ្តើមដំណើរការក្នុងមួយរយៈពេលក្រោយមក អង្គភាព CAN ក៏ចាប់ផ្តើមមានការទទួលស្គាល់ពីសំណាក់សាធារណជន តាមរយៈការផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ជាពិសេស គឺសកម្មភាពមនុស្សធម៌របស់អង្គភាពយើង ដោយកាលនោះយើងបានបង្កើតកម្មវិធីសប្បុរសធម៌មួយឈ្មោះថា “ក្តីសង្ឃឹម”។
លោកអគ្គនាយកបន្តទៀតថា រហូតមកដល់ពេលនេះ គឺអង្គភាពយើងមានអយុកាលជិត ៦ឆ្នាំហើយ មានថ្នាក់ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ១៧រូប ទីប្រឹក្សាចំនួន ២រូប និងក្រុមការងារ ទាំងបណ្តាខេត្តក្រុងនិងរាជធានី ចំនួន ២៩រូប សរុបទាំងអស់ជិត ៤០រូប ។
លោក យ៉ុន ម៉េងស្រ៊ន់ បានបញ្ជាក់អំពីចក្ខុវិស័យរបស់អង្គភាព CAN ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ដោយស្របទៅតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលបច្ចុប្បន្នកំពុងតែវាយលុកយ៉ាងខ្លាំងក្នុងសង្គមយើង គួរឲ្យព្រួយបារម្ភ ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មាន កំពុងតែខិតខំយ៉ាងយកចិត្តទុកដាក់ និងផ្តល់សេចក្តីប្រកាសដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាត្រូវតែរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងនេះ។ ហើយជាពិសេស អង្គភាព CAN បានបង្កើតសកម្មភាពដ៏សំខាន់មួយទៀតគឺ ចូលរួមចំណែកជួយសង្គមតាមរយៈកម្មវិធីសប្បុរសធម៌ ដែលកន្លងមក អង្គភាពយើងបានជួយដល់សាលារៀនខ្វះខាតនៅតាមតំបន់ដាច់ស្រយ៉ាល ជួយដល់សិស្សានុសិស្ស ដែលខ្វះខាតដូចជា សម្ភារៈសិក្សា និង កង់ជាដើម ជួយដល់គ្រួសារសិស្សដែលមានជីវភាពខ្វះខាតខ្លាំង ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងចាស់ជរាគ្មានទីពឹងជាដើម។
លោកក៏បានបញ្ជាក់បន្ថែមថា កន្លងមកអង្គភាពក៏បានពង្រឹងក្រុមការងាររបស់ខ្លួនតាមរយៈការបើកវគ្គបណ្តុះបណ្តាលខ្លីៗ នៅទីស្នាក់ការផ្ទាល់ និងការបញ្ជូនក្រុមការងារ ទៅរៀនវគ្គបណ្តុះបណ្តាលបន្ថែមទៀតនៅតាមបណ្តា អង្គការ សមាគមព័ត៌មាននានា ក្នុងគោលដៅឲ្យយល់កាន់តែច្បាស់អំពីវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ផ្សេងៗជៀសវាងប្រព្រឹត្តិខុស បណ្តាលឲ្យប្រឈមនឹងច្បាប់។
ឆ្លៀតក្នុងឱកាសនេះ ក៏បានគោរពថ្លែងអំណរគុណ ចំពោះឯកឧត្តម លោក -លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាល រួមនិងបងប្អូនក្រុមការងារ ដែលបានជួយឧបត្ថម្ភទ្រទ្រង់ដល់អង្គភាព CAN តាំងពីដើមរៀងមក ជាពិសេសសូមគោរពអរគុណយ៉ាងខ្លាំងដល់បងឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល CAN ដែលតែងតែជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មទាំងកម្លាំងកាយចិត្ត ក្នុងការចូលរួមឧបត្ថម្ភ និងផ្តល់ប្រឹក្សាយោបល់ ។លោកក៏សូមគោរពថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម លោក លោកស្រី ដែលបានចំណាយពេលវេលាដ៍មានតំលៃចូលរួមក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គី នៅថ្ងៃនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាលសារព័ត៌មាន ខេម អេស៊ា ញូវស៍ ក៏បានមានមតិសំណេះសំណាល ជាមួយបងប្អូនក្រុមការងារ CAN ដោយសេចក្តីនឹករលឹក ផងដែរ។
ឯកឧត្តមក៏បានចង្អុលបង្ហាញបន្ថែមអំពីចក្ខុវិស័យ ក៏ដូចជាទស្សនវិស័យ របស់អង្គភាព ដោយផ្តោតទៅលើការជម្រុញ ដល់បងប្អូនក្រុមការងារទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួន អំពីវិជ្ជាជីវៈសារព័ត៌មាន ត្រូវសិក្សាស្វែងយល់បន្ថែមអំពី សិទ្ធិ និងច្បាប់ របស់អ្នកសារព័ត៌មាន ទាំងការផ្តឹតយករូបភាព ការថតសម្លេង ពាក្យពេចន៍ និងកាយវិការប្រកបដោយគុណធម៌ និងសុជីវធម៌ នៅពេលយើងចុះទៅយកព័ត៌មាននូវព្រឹត្តិការណ៍ផ្សេងៗនៅតាមតំបន់នានាជាដើម។
ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានរលេចជំហរចំពោះការងារសប្បុរសធម៌ផងដែរ ដោយបន្តធ្វើសកម្មភាពជាបន្តបន្ទាប់ ក្នុងគោលបំណងរួមចំណែកជួយសង្គមជាតិយើង ជាពិសេសយកចិត្តទុកដាក់ទៅលើ សិស្សានុសិស្ស ដែលកំពុងប្រឈមទៅនឹងបញ្ហាខ្វះខាតចំពោះការសិក្សារៀនសូត្ររបស់ពួកគាត់ ដែលជាធនធានមនុស្សដ៏សំខាន់ សម្រាប់វិស័យអប់រំនៅក្នុងប្រទេសយើង ។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍ណែនាំ ដល់បងប្អូនក្រុមការងារអ្នកព័ត៌មាន CAN ទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះឲ្យតម្លៃគ្នា ចេះយោគយល់អធ្យាស្រ័យគ្នា និងចេះគោរពស្រឡាញ់គ្នាទៅវិញទៅមក ហើយសង្ឃឹមថា ឆ្នាំថ្មីយើងនឹងមានសកម្មភាពថ្មីៗជាច្រើន ទាំងវិស័យសារព័ត៌មាន និងការចូលរួមជួយសង្គមជាតិយើង។
ជាចុងក្រោយ ឯកឧត្តមសូមគោរពថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាភិបាល រួមទាំងបងប្អូនក្រុមការងារ ទាំងអស់ដែលបាន ចំណាយពេលវេលាដ៍មានតំលៃចូលរួមក្នុងពិធីសូត្រមន្តលើករាសីឆ្នាំថ្មី និងពិធីសំណេះសំណាល អាហារសាមគ្គី នៅថ្ងៃនេះ និងសូមជូនពរឆ្នាំថ្មី សូមប្រសិទ្ធពរជ័យរកស៊ីទទួលទានមានបាន មានសុខភាពល្អ ប្រាថ្នាអ្វីទទួលបានជោគជ័យគ្រប់ភារកិច្ច និងសមប្រកបនូវពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូបញ្ជាក់ថា ក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីនេះ ក៏មានពិធីប្រកាសសេចក្តីសម្រេចសមាជិកក្រុមប្រឹក្សាភិបាល ចំនួន ២រូប ទីប្រឹក្សាផ្ទាល់ ចំនួន ១រូប និងចែកប័ណ្ណសរសើរដល់ក្រុមការងារដែលមានស្នាដៃការងារចំនួន ១១ រូបផងដែរ៕